បន្ទាយមានជ័យ៖ ភាគីកម្ពុជា និងភាគីថៃបានជួបប្រជុំពិភាក្សាគ្នា នៅស្នាក់ការអន្តរជាតិក្លងលឹក ក្នុងស្រុកអារ័ញ្ញ ខេត្តស្រះកែវប្រទេសថៃ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២១។ កិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្តោតលើការបើកច្រកអន្តរជាតិ និងច្រកតំបន់ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ឈមខេត្តស្រះកែវប្រទេសថៃ ដែលភាគីកម្ពុជា មានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ចំណែកភាគីថៃ លោក បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រះកែវ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធមួយចំនួន។
ក្នុងកិច្ចពិភាក្សានោះ ភាគីកម្ពុជាបានស្នើសុំឱ្យពលរដ្ឋចេញចូល១ថ្ងៃចំនួន ៣.០០០នាក់ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់។ ដោយឡែកចំពោះអ្នកអូសរទេះ១ថ្ងៃអនុញ្ញាតសុំចំនួន ៣០០ជើង ក្នុង១រទេះអនុញ្ញាត ៦នាក់ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះពលករដែលមាន Border Pass ឬបណ្ណឆ្លងព្រំដែន ត្រូវអនុញ្ញាតរយៈពេល៣ខែ ចំនួន ៩០ថ្ងៃ ដែលធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។
សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានោះ ទោះជាភាគីកម្ពុជាស្នើសុំយ៉ាងនេះក៏ដោយ ភាគីថៃបានទទួលយកសំណើរអភិបាលខេត្តជាប់ជាយដែនខេត្តស្រះកែវប្រទេសថៃ និងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចនៅពេលក្រោយ។ ចំពោះច្រកព្រំដែនដែលស្នើសុំបើកគឺ ខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ និងបឹងត្រកួន និងខេត្តបាត់ដំបង ច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រះកែវ៕