សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងថា ក្នុងអំឡុងពេលនៃការបិទជាន់ទីបីនៃប្រាសាទបាយ័ន (ប្រាង្គកណ្តាល) ដើម្បីធ្វើការជួសជុល អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីដែលរក្សាបាននូវគុណ តម្លៃនៃប្រាសាទ កាត់បន្ថយការកកស្ទះ ផ្តល់នូវសុវត្ថិភាពជូនភ្ញៀវទេសចរ ព្រមទាំងបង្កើនគុណភាពនៃការទស្សនា។
តាមរយៈនេះ ភ្ញៀវទេសចរអាចទស្សនាប្រាសាទបាយ័ននៅជាន់ទីមួយ និងទីពីរ ព្រមទាំងផ្នែកដទៃទៀត ក្រៅពីជាន់ទីបី ដោយអនុវត្តតាមខ្សែទស្សនាថ្មីដែលមាន ៣ជម្រើសដូចជា៖ ជម្រើសរយៈពេលខ្លី (៥៥នាទី) ជម្រើសរយៈពេលមធ្យម (១ម៉ោង១៥នាទី) និងជម្រើសរយៈពេលវែង (១ម៉ោង៤៥នាទី) ដោយជម្រើសនីមួយៗអនុញ្ញាតឱ្យទេសចរឆ្លងកាត់ផ្នែក សំខាន់ៗដូចជា ផ្ទាំងចម្លាក់សាច់រឿង ចំណុចសំខាន់ដែលពុំធ្លាប់ទស្សនាបានទូលំទូលាយកាលពីពេលមុន ទីតាំងថតរូប ប្រាសាទបានស្អាតៗជាដើម។
ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានាដូចជាជណ្តើរ រនាំងរបារ ស្លាកសញ្ញ ប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់នៅតាមជញ្ជាំងថែវ… ។ល។ ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ដើម្បី សម្រួលដល់ដំណើរការនៃខ្សែទស្សនាផងដែរ។
អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនេះចាប់ពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ តទៅ៕