សិង្ហបុរី៖ ការរឹតបន្តឹងថ្មីនៅប្រទេសសិង្ហបុរី ត្រូវបានអនុវត្តលើអ្នកដំណើរមកពីបណ្តាប្រទេសអាហ្វ្រិកមួយចំនួន ដោយក្រសួងសុខាភិបាលសិង្ហបុរី ចំពេលមានរបាយការណ៍មេរោគកូវីដ១៩បំប្លែងថ្មី ដែលអាចឆ្លងកាន់តែខ្លាំង កំពុងចរាចរនៅក្នុងតំបន់អាហ្វ្រិក។
ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយនៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ថា អ្នកធ្វើដំណើរទាំងអស់ដែលមានប្រវត្តិធ្វើដំណើរថ្មីៗនេះទៅកាន់ប្រទេស បូតស្វាណា (Botswana), អេសវ៉ាទីនី (Eswatini), ឡេសូតូ (Lesotho), ម៉ូសំប៊ិក(Mozambique), ណាមីប៊ី (Namibia), អាហ្វ្រិកខាងត្បូង (South Africa) និង ហ្ស៊ីមបាវ៉េ (Zimbabwe) ចាប់ពីម៉ោង ១១:៥៩ នាទីយប់ថ្ងៃសៅរ៍ នឹងមិនអនុញ្ញាតឱ្យចូល ឬឆ្លងកាត់ប្រទេសសិង្ហបុរីទៀតទេ។
មេរោគបំប្លែងថ្មីដែលហៅថា B.1.1.529 ត្រូវបានរកឃើញជាលើកដំបូងនៅអាហ្រ្វិកខាងត្បូង ហើយត្រូវបានគេប៉ាន់ស្មានថា បានបង្កឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃករណីកូវីដ១៩នៅទីនោះ។
ករណីនៃការឆ្លងមេរោគបំប្លែងថ្មីនេះ ត្រូវបានគេរកឃើញរួចហើយនៅក្នុងទីក្រុងហុងកុង ផងដែរ ហើយអ្នកវិទ្យាសាស្ត្របានណែនាំថា វាអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំង ដោយសារតែការបំប្លែងដ៏ច្រើននៅក្នុងប្រូតេអ៊ីន Spike របស់វា ដែលជាចំនួនទ្វេដងនៃមេរោគ Delta៕