×

ក្រសុខាភិបាល អំពាវនាវឱ្យ ពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការទាំងឡាយរបស់ក្រសួង ខណៈរកឃើញវីរុសកូវីដ ១៩បំប្លែងថ្មី២ប្រភេទទៀត

អត្ថបទ៖ គង់ វណ្ណៈ

ភ្នំពេញ៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈសារសំឡេង បានប្រកាសអំពីការរកឃើញវីរុសកូវីដ ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត ដែលមានប្រភេទ B1-640 និងប្រភេទ B1-1-529 ខណៈវីរុសកូវីដ-១៩បំប្លែងថ្មី ប្រភេទ B1-1-529 បានរីលដាលមកដល់ទឹកដីហុងកុងនៃទ្វីបអាស៊ីហើយ។

លោកស្រី ឱ វណ្ឌឌីន បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានចេញផ្សាយអំពីករណីរកឃើញនូវវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទបន្ថែមទៀត
ទី១៖ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-640 ដែលបានរាយការណ៍មកថា បានរកឃើញដំបូងគេនៅសាធារណរដ្ឋកុងហ្គោ (Republic of the Congo) នៃទ្វីបអាហ្វ្រិក ដែលអង្គការសុខភាពពិភពលោក បានកំណត់អំពីការរកឃើញកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
ទី២៖ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 ដែលត្រូវបានរកឃើញដំបូងនៅប្រទេសបុតស្វាណា (Botswana) នៃទ្វីបអាហ្វ្រិកដែរ ហើយបានបន្តរាលដាលទៅដល់ប្រទេសមួយចំនួនទៀត ដូចជា៖ ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសស៉ីមបាវ៉េ (Zimbabwe) ប្រទេសអ៉ីស្រាអែល ចក្រភពអង់គ្លេស ហើយក៏បានបន្តឆ្លងមកដល់ទឹកដីហុងកុង នៃទ្វីបអាស៊ីទៀត ក្នុងនោះគឺមានអ្នកដែលផ្ទុកមេរោគចំនួន២នាក់ ដែលបានធ្វើដំណើរមកពីប្រទេស អាហ្វ្រិកខាងត្បូង។ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 នេះ ត្រូវបានអង្គការសុខភាពពិភពលោកបានកំណត់ថាបានរកឃើញដំបូងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រីរដ្ឋលេខាធិការបន្តថា អ្វីដែលអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភនោះ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 វាមានការប្រែប្រួលត្រង់ស្ពៃប្រូតេអ៊ីន ស្រទាប់ទី២២របស់វា ហើយបម្រែបម្រួលរបស់វានេះ គឺវាអាចប៉ះពាល់ទៅដល់ លទ្ធភាពនៃកោសិការដែលត្រូវឆ្លើយតបវាយបក តទល់ទៅនឹងវីរុសបំប្លែងថ្មីនេះផង និងការរីករាលដាលដែលមានល្បឿនលឿនដែរ។ ម្យ៉ាងវិញទៀត វីរុសបំប្លែងថ្មីនេះ វាធ្វើឱ្យកោសិការកងការពារ មានភាពលំបាកក្នុងការវាយតទល់ជាមួយវីរុសប្រភេទនេះ។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការទាំងឡាយដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានណែនាំកន្លងមក ដូចជា ការអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» ការរក្សាគម្លាតសុវត្ថិភាព និងការពាក់ម៉ាស លាងដៃនឹងអាល់កុល ឬជែល ពិសេសគឺតាមដានអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនផងដែរ និងបន្តរង់ចាំលទ្ធផលពីអង្គការសុខភាពពិភពលោក និងក្រុមអ្នកវិទ្យាសាស្ត្រដែលកំពុងតែបន្តធ្វើការងារមួយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង