សៀមរាប៖ ខេត្តសៀមរាប នៅចុងឆ្នាំ២០២១នេះ បានត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីជំរុញទេសចរផ្ទៃក្នុង ហើយក៏ជាសញ្ញាបង្ហាញផងដែរថា ខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជាមួយនេះ បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ភ្ញៀវជាតិ និងអន្តរជាតិ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថាព្រឹត្តិការណ៍ចំនួន៣ ដែលខេត្តសៀមរាប នឹងរៀបចំនៅក្នុងខែធ្នូខាងមុខនេះ រួមមាន ព្រឹត្តិការណ៍អបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន, ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលសៀមរាបថ្មី២០២១ និងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៦។
ការរៀបចំព្រឹត្តិការណ៍ក្នុងប្រទេស លោកបានបញ្ជាក់ផងដែរថា ភ្នាក់ងារទេសចរណ៍ជិត៣០០ក្រុមហ៊ុន ក្នុងខេត្តសៀមរាប បាននឹងកំពុងទាក់ទងជាមួយដៃគូរបស់ពួកគេនៅបរទេស ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទេសចរណ៍ ក៏ដូចជាសិក្សាពីព័ត៌មានលម្អិតផ្សេងៗជុំវិញវិធានសុខាភិបាលចំពោះភ្ញៀវអន្តរជាតិ ដែលទទួលបានវ៉ាក់សាំងពេញលេញ។ ប៉ុន្តែ ការរៀបចំដំណើរទស្សនកិច្ចសម្រាប់ភ្ញៀវអន្តរជាតិមកកម្ពុជា ត្រូវការកិច្ចសហការទៅវិញទៅមកទាំងក្នុង និងក្រៅប្រទេស ព្រមទាំងត្រូវការពេលវេលាច្រើន៕