ជប៉ុន៖ វិទ្យាស្ថានជាតិជំងឺឆ្លងរបស់ប្រទេសជប៉ុន ចាត់ថ្នាក់មេរោគបំប្លែងថ្មី អូមីក្រុង ដល់កម្រិតខ្ពស់បំផុត ខណៈមេរោគនេះបន្តរីករាលដាលពាសពេញពិភពលោក។
កាលពីថ្ងៃសុក្រ អង្គការសុខភាពពិភពលោក WHO បានចាត់ថ្នាក់មេរោគអូមីក្រុង មេរោគបដែលគួរឱ្យព្រួយបារម្ភ។ អូមីក្រុង អាចឆ្លងលឿន និងធន់នឹងវ៉ាក់សាំង នេះបើយោងតាមវិទ្យាស្ថានជប៉ុន។
រដ្ឋាភិបាលប្រទេសនេះ មិនបានប្រកាសពីការរកឃើញករណីណាមួយនៃមេរោគបំប្លែងថ្មីអូមីក្រុងនោះទេ ប៉ុន្តែជំងឺនេះ ត្រូវបានរកឃើញនៅក្នុងទ្វីបអឺរ៉ុប និងអូស្ត្រាលី ខណៈប្រទេសជាច្រើនទៀត បានដាក់កម្រិតលើការធ្វើដំណើរ។
ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យបានបន្ថែមប្រទេសម៉ូសំប៊ិក (Mozambique) ម៉ាឡាវី (Malawi) និងសំប៊ី (Zambia) ទៅក្នុងបញ្ជីប្រទេសដែលស្ថិតនៅក្រោមច្បាប់ចូលកាន់តែតឹងរ៉ឹង បន្ទាប់ពីការរកឃើញនៃប្រភេទថ្មីនេះ។
នាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរបស់លោក នឹងអនុវត្តយ៉ាងតឹងរ៉ឹង សម្រាប់អ្នកធ្វើដំណើរដែលទើបតែបានធ្វើដំណើរទៅបណ្តាប្រទេសអាហ្វ្រិកដូចជា បូតស្វាណា (Botswana), អេសវ៉ាទីនី (Eswatini), ឡេសូតូ (Lesotho), ណាមីប៊ី (Namibia), អាហ្វ្រិកខាងត្បូង (South Africa) ឬហ្ស៊ីមបាវ៉េ (Zimbabwe) ដែលត្រូវចំណាយពេល ១០ ថ្ងៃនៅកន្លែងធ្វើចត្តាឡីស័ក ដែលកំណត់ដោយរដ្ឋាភិបាល៕