កាណាដា៖ រដ្ឋាភិបាលកាណាដា បានប្រកាសកាលពីថ្ងៃអាទិត្យថា ករណីដំបូងនៃមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) ត្រូវបានរកឃើញនៅទ្វីបអាមេរិកខាងជើង ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា កាលពីពេលថ្មីៗនេះ។
រដ្ឋបាលរដ្ឋ Ontario បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “បុគ្គលពីរនាក់នៅទីក្រុង Ottawa បានធ្វើតេស្តវិជ្ជមានកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា កាលពីពេលថ្មីៗនេះ”។ មន្ត្រីសុខាភិបាល តម្រូវឱ្យអ្នកដំណើរទាំងនោះ ធ្វើចត្តាឡីស័ក និងទទួលការព្យាបាល។
រដ្ឋាភិបាលកាណាដា បានផ្តល់ដំបូន្មានដល់អ្នកដែលត្រឡប់ពីប្រទេសនីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង ម៉ូសំប៊ិក បូតស្វាណា ហ្ស៊ីមបាវ៉េ ឡេសូតូ អេវ៉ាធីនី និងណាមីប៊ី ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ដើម្បីស្វែងរកការធ្វើតេស្ត និងធ្វើចត្តាឡីស័កភ្លាមៗ បើទោះបីជាត្រូវបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ។
ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានចាត់ថ្នាក់មេរោគបំប្លែងថ្មី អូមីក្រុង ជា មេរោគនៃការព្រួយបារម្ភ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
ប្រទេសកាណាដា បានដាក់កំហិតការធ្វើដំណើរលើជើងហោះហើរពីអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាង ទោះបីជាអ្នកជំនាញផ្នែកសុខភាព និង WHO បានព្រមានថា វាមិនទាន់ច្បាស់ថាតើមេរោគបំប្លែងថ្មីចុងក្រោយនេះ បង្កការគំរាមកំហែងខ្លាំងជាងប្រភេទវីរុសផ្សេងទៀតឬយ៉ាងណាក៏ដោយ៕