×

ឥណ្ឌូណេស៊ី ជំរុញឱ្យ​មាន​ជើងហោះហើរ​ត្រង់​និង​ទេសចរណ៍​វ៉ាក់សាំង​ជាមួយ​កម្ពុជា និងកម្មវិធី Famtrip

ភ្នំពេញ៖ ស្ថានទូតឥណ្ឌូណេស៊ីបានបង្ហាញការគាំទ្រ និងជំរុញឱ្យមានជើងហោះហើរត្រង់ ឥណ្ឌូណេស៊ី-កម្ពុជា និងការជំរុញឱ្យមានចលនាទេសចរណ៍វ៉ាក់សាំងទៅវិញទៅមករវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខនេះ។
នេះតាមការបញ្ជាក់របស់លោក សុខ សង្វារ អនុរដ្ឋលេខាធិការ និងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី Famtrip នៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានាពេលថ្មីៗនេះ ក្រោមប្រធានបទ “Exploring the Land of Sunda”។

ក្នុងសុន្ទរកថាបើកម្មវិធី លោក Sudirman Haseng អគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេស គឺភាពជោគជ័យលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។ លោកក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឥណ្ឌូណេស៊ីដែលកំពុងរស់នៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ កម្មវិធី Famtrip ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យមានកិច្ចសហការល្អរវាងប្រទេសទាំងពីរលើវិស័យការទូត និងវិស័យផ្សេងៗ ដូចជាពាណិជ្ជកម្ម និងទេសចរណ៍ជាដើម តាមរយៈការអញ្ជើញសមាគមទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ នៃប្រទេសទាំងពីរ ដើម្បីផ្សព្វផ្សាយនូវគោលដៅទស្សនានៃប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។
លោកអគ្គរដ្ឋទូត ក៏បានអបអរសាទរកម្ពុជា ក្នុងនាមម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ នាដើមឆ្នាំ២០២២ខាងមុខនេះ។ លោកបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូណេស៊ីនឹងដឹកនាំប្រតិភូអញ្ជើញចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង