×

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៦ បានស្នើសុំ​បន្ត​ការហោះហើរ​ឡើងវិញ នៅ​កម្ពុជា សម្រាប់​ខែធ្នូ

ភ្នំពេញ៖ ថ្មីៗនេះ សម្រាប់ការហោះហើរតាមកម្មវិធី (Scheduled Flights) ចាប់ពីខែធ្នូ ឆ្នាំ២០២១ ទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីទីក្រុងបាងកក (៤ជើង/សប្តាហ៍) , Bangkok Airways មកពីទីក្រុងបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីទីក្រុងបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីទីក្រុងម៉ានីល (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីទីក្រុងហុងកុង (១ជើង/សប្តាហ៍)។

ដោយឡែក សម្រាប់ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើង/សប្តាហ៍។

ការឱ្យដឹងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូ ZOOM ក្រោមអធិបតីភាពលោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បញ្ជាក់ថា៖ “ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន(ខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦% (កើនឡើងពី៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ ចំនួនជើងហោះហើរនេះ អាចនឹងមានការប្រែប្រួល ទៅតាមការវិវឌ្ឍនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ១៩”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង