ម៉ាឡេស៊ី៖ ទាំងអ្នកដឹកជញ្ជូនអាហារ ទាំងសន្តិសុខ ត្រូវបានស្ត្រីជនជាតិចិនម្នាក់ ជះតែគជ់លើទាំងយប់ដោយសារអគារដែលនាងស្នាក់នៅមានច្បាប់មិនអនុញ្ញាតឱ្យអ្នកដឹកជញ្ជូនចូលឡើយ គឺអាចចាំបានត្រឹមមុខអាគារប៉ុណ្ណោះ ប៉ុន្តែស្ត្រីរូបនោះបានទទូចឱ្យអ្នកដឹកជញ្ជូនត្រូវតែយកឱ្យនាងដល់មាត់ទ្វារផ្ទះ។ ទោះបីជាសន្តិសុខ និងអ្នកដឹកជញ្ជូនរូបនោះខំពន្យល់យ៉ាងណាក៏នាងមិនស្តាប់ដែរ។
ដោយសារតែកំហឹងឡើងដល់កម្រិត នាង ក៏បានចុះមកក្រោមអគាររូចនិយាយថា នៅប្រទេសចិន ក៏គេត្រូវដឹកជញ្ជូនដល់មាត់ទ្វារផ្ទះរបស់ភ្ញៀវដែរ ហេតុអ្វីប្រទេសម៉ាឡេស៊ីអន់យ៉ាងនេះ។ ក្រោយពីបានជះកំហឹងហើយ នាងក៏បានទាញតែគជ់ជះលើសន្តិសុខ និងអ្នកដឹកជញ្ជូនរួចឡើងទៅលើវិញ រីឯភាគីខាងសន្តិសុខ និងអ្នកដឹកជញ្ជូននៅតែរក្សាចិត្តស្ងប់មិនតបតអ្វីទាំងអស់។
វីដេអូ ត្រូវបានបុរសម្នាក់ជាអ្នកគ្រប់គ្រងក្រុមហ៊ុនសន្តិសុខចែករំលែកលើបណ្តាញសង្គម រហូតទទួលបានការចែករំលែកតៗគ្នាជាច្រើន ដោយក្រៅពីហួសចិត្តហើយ លោកក៏បានសរសើរដល់អ្នកទាំងពីរថា បានបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អ បើទោះជាស្ថិតក្នុងកាលៈទេសៈជួបភ្ញៀវបែបនេះក៏ដោយ ក៏អ្នកទាំងពីរ នៅរក្សាចិត្តត្រជាក់បាន៕
(ទស្សនាវីដេអូ)