×

លែងលះគ្នា​បាន២ឆ្នាំ បែរមកសុំ​អតីត​ប្រពន្ធ​រៀបការ​ម្តងទៀត​ដើម្បី​បាន​មើលថែ​នាង​ដែល​កំពុង​ធ្លាក់ខ្លួនឈឺ​ដោយសារ​ខូច​តម្រងនោម

ចិន៖ មើលចិត្តគ្នាបានតែប៉ុន្មានខែប៉ុណ្ណោះ Chen Zhenfeng និង Xie Hongxia បានសម្រេចចិត្តរៀបការជាមួយគ្នា ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍មួយនេះ បានដើរដល់ផ្លូវបញ្ចប់កាលពីឆ្នាំ២០១៩ ក្រោយ Xie រលូតកូន២ដង ដែលជាមូលហេតុធ្វើឱ្យជីវិតគូរបស់អ្នកទាំងពីរ កាន់តែស្ត្រេសពីមួយថ្ងៃទៅមួយថ្ងៃ។

រយៈពេល២ឆ្នាំក្រោយលែងលះគ្នា Chen បាននឹកឃើញអនុស្សាវរីយ៍កាលអ្នកទាំងពីរ បានស្រលាញ់គ្នា ពេលនោះលោក ក៏បានទៅសួរសុខទុក្ខអតីតភរិយា ក្រោយមកទើបប្រទះដឹងថា រយៈពេល២ឆ្នាំមកនេះ នាងមិនបានរៀបការម្តងទៀតឡើយ អ្វីដែលធ្វើឱ្យលោក កាន់តែរន្ធត់ចិត្តទៀតនោះ គឺនាងមានជំងឺខូចតម្រងនោមធ្ងន់ធ្ងរដល់ថ្នាក់ចូលមន្ទីរពេទ្យទៀតផង។

ក្រោយពីបានដឹងសភាពអតីតប្រពន្ធខ្លួន កំពុងមានជំងឺធ្ងន់ធ្ងរដល់ថ្នាក់នេះ លោកក៏បានសុំនាងរៀបការម្តងទៀត ប៉ុន្តែនាង បានបដិសេធដោយសារមិនចង់ឱ្យលោកមកពិបាកជាមួយ និងត្រូវរ៉ាប់រងថ្លៃព្យាបាលរបស់នាងឡើយ។ ទោះជាយ៉ាងណា លោកបានប្រាប់ទៅ Xie វិញថា លោកស័គ្រ្មចិត្តនឹងមើលថែនាង និងរួមដំណើរមួយនេះជាមួយនាងអស់មួយជីវិត។

មិនត្រឹមតែប៉ុណ្ណោះ Chen ថែមទៀតបាននិយាយទៀតថា លោកអាចធ្វើជាកែវភ្នែកសម្រាប់នាង បើទោះជានាងមើលលែងឃើញ ហើយលោកក៏សុខចិត្តបរិច្ចាគក្រលៀនមួយចំហៀងឱ្យនាងដែរ។

គួរបញ្ជាក់ដែរថា ដោយសារសភាពជំងឺរបស់ Xie ធ្ងន់ធ្ងរខ្លាំងពេក ជំងឺនេះ ក៏បានធ្វើឱ្យរងផលប៉ះពាល់ដល់ភ្នែករបស់នាងផងដែរ។ យ៉ាងណាមិញដោយសារការលះបង់របស់ Chen នាង ក៏បានយល់ព្រមតាមសំណើព្រមរៀបការជាមួយ Chen ម្តងទៀត ដោយលោកបានសន្យាថា នឹងទទួលខុសត្រូវ និងកំដរប្រពន្ធរបស់លោកអស់មួយជីវិត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង