វៀតណាម៖ ជើងហោះហើរត្រង់ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ទៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បានទទួលជោគជ័យកាលពីព្រឹកថ្ងៃចន្ទ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម។
ជើងហោះហើរដែលដឹកអ្នកដំណើរជាង ៣០នាក់ ភាគច្រើនជាជនជាតិអាមេរិកដើមកំណើតវៀតណាម បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ នៅម៉ោង ៨:៥៧នាទីយប់ ថ្ងៃអាទិត្យ (ម៉ោងនៅវៀតណាម) ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសាន់ហ្វ្រាន់ស៊ីស្កូ នៅម៉ោង ៧:៤២ នាទីយប់ ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) បន្ទាប់ពីការធ្វើដំណើរចម្ងាយប្រហែល ១៣.០០០ គីឡូម៉ែត្រ។
ជាជំហានដំបូង ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងធ្វើការហោះហើរពីរជើងក្នុងមួយសប្តាហ៍ពី ទីក្រុងហូជីមិញ ទៅសាន់ហ្វ្រាន់ស៊ីស្កូ ដោយប្រើយន្តហោះ Boeing 787 និង Airbus A350 ។
ក្រុមហ៊ុនអាកាសចរណ៍នេះ មានគោលបំណងបង្កើនជើងហោះហើរដល់ទៅ ៧ជើងក្នុងមួយសប្តាហ៍ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគ្រប់គ្រង ហើយរដ្ឋាភិបាលវៀតណាម យល់ព្រមបន្តជើងហោះហើរធម្មតាឡើងវិញ។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមគ្រោងនឹងបើកជើងហោះហើរអន្តរជាតិធម្មតាឡើងវិញចាប់ពីខែក្រោយ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក៏មានគម្រោងបើកការហោះហើរថ្មីតភ្ជាប់ទីក្រុង Los Angeles ទៅកាន់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជាទីក្រុងធំជាងគេចំនួនពីររបស់វៀតណាមផងដែរ៕