ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានសម្រេចឲ្យបើកដំណើរការ ឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃនេះតទៅ។
យោងតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ចុះហត្ថលេខាដោយលោក ឃួង ស្រេង បានសម្រេចថា ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្តូតែក នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្តូតែក ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិក ប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វាំក់សាំង ស្របតាមសេចក្ដីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ •៣ ការពារ និង៣កុំ” របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឹងម៉ាត់ គឺ ការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម។
អភិបាលរាជធានីភ្នំពេញ ក៏បានប្រគល់ភារកិច្ចជូនគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីសហការចុះណែនាំ និងត្រួតពិនិត្យ ដូចមានចែងក្នុងខ្លឹមសារនៃសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងករណីរកឃើញម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល និង ឌីស្កូតែកណាមួយ មិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំនេះ៖ ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង។
ដោយឡែក ចំពោះបុគ្គលល្មើសពាក់ព័ន្ធ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការ ផ្សព្វផ្សាយជាសាធារណះចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ៕