ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចដាក់ឱ្យប្រើប្រាស់រណ្តៅចាក់សំរាមថ្មីមួយកន្លែង ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទីនេះ ត្រូវបានជីករណ្ដៅដីចំនួន ៤រណ្តៅ ដែលអាចធានាផ្ទុកសំរាមបានរហូតដល់រយៈពេល ៥ឆ្នាំ ទើបពេញរណ្តៅដី តែអាចនឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង។
លោក ហុក សុកាន់ដារ៉ូ នាយកគ្រប់គ្រងទីលានទុកដាក់សំណល់រឹងសំរាមទីប្រជុំជនខេត្តព្រះសីហនុ បានឱ្យដឹងថា ទីលានចាក់សំរាមនេះ មានផ្ទៃដីសរុបជាងចំនួន ៥០ហិកតា ប៉ុន្តែសម្រាប់ជំហានទី១ ធ្វើនៅលើផ្ទៃដីចំនួន ១៧ហិកតាសិន។ សំរាមដែលយកទៅទុកដាក់នៅទីតាំងថ្មីនេះ ប្រមូលពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដោយមានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាមចំនួន២ បន្ទាប់ពីរណ្តៅនៅទីតាំងចាស់មុនៗពេញអស់។
ទីលានចាក់សំរាមអូតាសេកក្នុងខេត្តព្រះសីហនុនេះ ក្នុងមួយថ្ងៃសំរាមដែលប្រើប្រាស់ចោលមានចំនួន ២៥០តោន ដែលអនុវត្តប្រតិបត្តិករចំនួនពីក្រុមហ៊ុន។ ក្នុងខេត្តព្រះសីហនុនេះ ក្រៅពីកន្លែងទុកដាក់សំរាមប្រកបដោយស្តង់ដាហើយ គេនៅធ្វើការបែងចែកត្រឹមត្រូវដោយក្នុងនោះប្រភេទសំរាមនីមួយៗគេអាចយកទៅកែច្នៃប្រើប្រាស់តាមប្រភេទរបស់វានីមួយៗថែមទៀត។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា នេះជាទីលានចាក់សំរាមលើកដំបូងនៅកម្ពុជា ដែលបង្កើតឡើងមានលក្ខណៈស្តង់ដា ត្រូវតាមបច្ចេកទេស ខណៈនៅក្នុងឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន កំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍គ្រោងបង្កើតឱ្យមាននៅតាមបណ្តាខេត្តមួយចំនួនទៀត ដូចជាខេត្តកែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តស្វាយរៀង ជាដើម។
សូមជម្រាបថា ខេត្តព្រះសីហនុ គឺមានសំរាមចន្លោះពី ៣៥០ -៤០០តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃ។ តាមការសិក្សាក្នុងចំណោមសំរាមទាំងនេះ មាន ៦៥ភាគរយ ជាសំរាមសំណល់សរីរាង្គ ២០ភាគរយជាសំណល់ប្លាស្ទិក ហើយនៅសល់ប៉ុន្មានគឺជាសំណល់រឹង៕