×

អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន បរិច្ចាគ​ថវិកា​២លានដុល្លារ ដល់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ក្នុង​គោលដៅ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគនូវថវិកា២លានដុល្លារ ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ពិធីប្រគល់ថវិកានេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។

សកម្មភាពមនុស្សធម៌នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពប្រពៃណី សាមគ្គីភាព ភាតរភាព ភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមគ្រួសារតែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់សហគមន៍ដែលរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ កាលពីខែធ្នូ ឆ្នាំ ២០២០កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិកា៣លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នៅខែមិនា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង ក៏បានបរិច្ចាគថវិកា៣លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងបានបរិច្ចាគថវិកា២លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទិញមន្ទីរពេទ្យ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ-១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង