មណ្ឌលគិរី៖ ប្រហែល២សប្ដាហ៍មកហើយដែលខេត្តមណ្ឌលគិរី ចាប់ផ្ដើមធ្លាក់ខ្យល់ខ្លាំងជាសញ្ញាបញ្ជាក់ថារដូវរំហើយចូលដល់ ប៉ុន្តែកន្លងមកនោះមិនសូវមានភាពរងានោះទេ ទើបតែ៣ថ្ងៃចុងក្រោយនេះ មានខ្យល់ខ្លាំង និងលាយឡំជាមួយភាពត្រជាក់រងាខ្លាំងផងដែរ ចំណែកស្ថានភាពអាកាសធាតុ ក៏មានភ្លៀងរលឹម ពពកខ្មៅមីដេរដាសរសាត់ពេញផ្ទៃមេឃ។
បើពិនិត្យទៅលើអាកាសធាតុនៅក្នុងក្រុងសែនមនោរម្យ នៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមកនេះ គឺមានភ្លៀងរលឹមតាំងពីវេលាទៀបភ្លឺ និងអូសបន្លាយមកដល់ពេលថ្ងៃត្រង់ ហើយនៅព្រឹកថ្ងៃទី០១ ខែធ្នូនេះផ្ទាល់ ទោះបីភ្លៀងបានរាំង ប៉ុន្តែនៅតែមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយសំណើមទឹក និងមានភាពត្រជាក់រងាផងដែរ។ ផ្អែកទៅលើឧបករណ៍វាស់ស្ទង់សីតុណ្ហភាព នៅក្រុងសែនមនោរម្យ សីតុណ្ហភាពបានធ្លាក់ដល់១៨អង្សា និងខ្ពស់បំផុតត្រឹម២៤អង្សាប៉ុណ្ណោះ លក្ខណៈបែបនេះគួបផ្សំជាមួយខ្យល់បក់បោកខ្លាំង បានធ្វើឲ្យកាន់តែរងារថែមមួយកម្រិត។
សូមជម្រាបថាខេត្តមណ្ឌលគិរី មានក្រុង-ស្រុកចំនួន៥ ក្នុងនោះដែរ ក្រុងសែនមនោរម្យ ស្រុកអូររាំង ស្រុកពេជ្រាដា មានសីតុណ្ហភាពត្រជាក់ជាងស្រុកកែវសីមា និងស្រុកកោះញែក ហើយស្រុកអូររាំងនិងក្រុងសែនមនោរម្យ ជាតំបន់ដែលត្រជាក់ខ្លាំង ពីព្រោះភូមិសាស្ត្រតំបន់នេះប្រជុំទៅដោយភ្នំច្រើន និងមានរយៈកម្ពស់ខ្ពស់ជាងនេវ៉ូទឹកសមុទ្រ ពី៧០០ម៉ែត្រទៅ១.០០០ម៉ែត្រឯណោះ។ ជាទូទៅខេត្តមណ្ឌលគិរី នឹងមានអាកាសធាតុត្រជាក់ខ្លាំងចន្លោះពីខែតុលា ទៅដល់ខែមករា អំឡុងពេលនោះដែរអាកាសធាតុត្រជាក់ ក៏បានទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរជាច្រើនមកកម្សាន្ត ជាពិសេសនៅពេលបុណ្យឆ្លងឆ្នាំសកល ដែលសីតុណ្ហភាពនឹងធ្លាក់ទាបក្រោម១៥អង្សា៕
អត្ថបទ៖ ប៊ុត សុភ័ក្រ