បរទេស៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ៤ របស់ពិភពលោក រួមមាន Pfizer, Johnson & Johnson, Moderna និង Sinovac ត្រូវបានរាយការណ៍ថា កំពុងបង្កើតវ៉ាក់សាំងជំនាន់ថ្មីរៀងៗខ្លួន ជាពិសេសផ្តោតលើមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង (Omicron)។
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយកាលពីម្សិលមិញនៅទីក្រុងញូវយ៉ក ថា ក្រុមហ៊ុនរបស់គាត់ បានចាប់ផ្តើមធ្វើការលើកំណែថ្មីប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) នៅក្នុងករណីដែលវ៉ាក់សាំងបច្ចុប្បន្នមិនមានប្រសិទ្ធភាព។
លោក Bourla បានប្រាប់ថា Pfizer បានចាប់ផ្តើមសាកល្បងវ៉ាក់សាំងដែលប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង ដែលត្រូវបានរាយការណ៍ដំបូងនៅអាហ្វ្រិកខាងត្បូង។
រីឯក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinovac ដែលបានផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ១៩ ច្រើនជាងគេនៅទូទាំងពិភពលោក មានទំនុកចិត្តថា ខ្លួនអាចផលិតវ៉ាក់សាំងដែលត្រូវបានធ្វើកំណែថ្មីដើម្បីប្រឆាំងនឹងវ៉ារ្យ៉ង់អូមីក្រុង ប៉ុន្តែមានតែបន្ទាប់ពីការអនុម័តបទប្បញ្ញត្តិប៉ុណ្ណោះ រួមជាមួយនឹងព័ស្តុតាងដែលថាវ៉ាក់សាំងដែលបានធ្វើបច្ចុប្បន្នភាពគឺចាំបាច់ នេះបើយោងតាមសារព័ត៌មាន South China Morning Post ។
ក្រុមហ៊ុនបាននិយាយថា៖ “បច្ចេកវិទ្យា និងការផលិតគឺដូចគ្នា ហើយវ៉ាក់សាំងសម្រាប់ការស្រាវជ្រាវ អាចត្រូវបានរៀបចំយ៉ាងរហ័ស បន្ទាប់ពីការដាក់ឱ្យនៅដាច់ពីគេនៃមេរោគ។ ការផលិតមិនមែនជាបញ្ហានោះទេ”។
ក្រុមហ៊ុននេះ បានបន្តថា៖ “ប៉ុន្តែការសិក្សាពាក់ព័ន្ធចាំបាច់ត្រូវបញ្ចប់ ហើយវ៉ាក់សាំងថ្មីដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ស្របតាមតម្រូវការបទប្បញ្ញត្តិ។ វាលឿនពេកហើយក្នុងការនិយាយថាតើវ៉ាក់សាំងដាច់ដោយឡែកមួយ នឹងត្រូវបង្កើតឬអត់”៕
ប្រភព៖ AFP