×

ប្រទេសជប៉ុន រកឃើញ​ករណី​ដំបូង​នៃវីរុសបំប្លែង​ថ្មី អូមីក្រុង

ជប៉ុន៖ ប្រទេសជប៉ុន បានរាយការណ៍ពីករណីដំបូងនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) កាលពីថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា បន្ទាប់ពីប្រទេសនេះ បានដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដើម្បីការពារកុំឱ្យជំងឺប្រភេទថ្មីនេះរីករាលដាលក្នុងស្រុក។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Shigeyuki Goto បានប្រាប់អ្នកយកព័ត៌មាននៅល្ងាចថ្ងៃអង្គារថា ការពិនិត្យបានរកឃើញអ្នកការទូតជនជាតិណាមីប៊ីម្នាក់ អាយុ ៣០ឆ្នាំដែលបានចុះចតនៅព្រលានយន្តហោះទីក្រុងតូក្យូ កាលពីថ្ងៃអាទិត្យ ដែលធ្វើដំណើរពីប្រទេសណាមីប៊ី ដែលជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកចំនួន ៩ ដែលករណីមេរោគអូមីក្រុង ត្រូវបានរាយការណ៍ដំបូង។

លោក Goto បាននិយាយថា អ្នកដំណើរ ៧១នាក់នៅលើយន្តហោះដូចគ្នាជាមួយនឹងបុគ្គលនោះ ទាំងអស់ បានប៉ះពាល់ដោយប្រយោល ហើយនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃនៅឯកន្លែងដែលកំណត់ដោយរដ្ឋាភិបាល និងតាមដានពីចម្ងាយតាមរយៈកម្មវិធី GPS របស់ក្រសួងសុខាភិបាល។ ពួកគេនឹងធ្វើតេស្តរកជំងឺកូវីដ១៩ រៀងរាល់ពីរថ្ងៃម្តង អំឡុងពេលចត្តាឡីស័ក។ លោក Goto បាននិយាយថា បុរសដែលវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុងនោះ បានចាក់វ៉ាក់សាំងពីរដងហើយ។ បុរសនោះបានវិវឌ្ឍទៅជាគ្រុនក្តៅនៅថ្ងៃបន្ទាប់ពីមកដល់ព្រលានយន្តហោះនាប្រទេសជប៉ុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង