អាហ្វ្រិកខាងត្បូង៖ អាជ្ញាធរ បានរាយការណ៍កាលពីថ្ងៃពុធថា ករណីថ្មីនៃជំងឺកូវីដ១៩ នៅអាហ្វ្រិកខាងត្បូង បានកើនឡើងជិតទ្វេដង ក្នុងមួយថ្ងៃ ដែលជាសញ្ញានៃការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសដែលអ្នកវិទ្យាសាស្ត្របានរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង (omicron) កាលពីសប្តាហ៍មុន។
ករណីដែលបានបញ្ជាក់ថ្មីបានកើនឡើងដល់ ៨.៥៦១ នាក់ កាលពីថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ ពី ៤.៣៧៣ នាក់មួយថ្ងៃមុននេះ។ អ្នកវិទ្យាសាស្ត្រនៅអាហ្រ្វិកខាងត្បូងបាននិយាយថា ពួកគេកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីកូវីដ១៩ បន្ទាប់ពីការរកឃើញវ៉ារ្យ៉ង់អូមីក្រុង។
អាហ្រ្វិកខាងត្បូង មានការឆ្លងកូវីដ១៩ ទាបនៅដើមខែវិច្ឆិកា ជាមធ្យមមានករណីថ្មីប្រហែល ២០០ ករណីក្នុងមួយថ្ងៃ ប៉ុន្តែនៅពាក់កណ្តាលខែវិច្ឆិកា ករណីថ្មីបានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស។
ការកើនឡើងពីមុនរបស់អាហ្រ្វិកខាងត្បូង បង្កដោយវីរុស Delta ក្នុងខែមិថុនា និងកក្កដា បានធ្វើឱ្យករណីថ្មីប្រចាំថ្ងៃឈានដល់កម្រិតកំពូលជាង ២ម៉ឺនករណី។ ជាមួយនឹងចំនួនប្រជាជនចំនួន ៦០លាននាក់ អាហ្រ្វិកខាងត្បូងបានកត់ត្រាករណីកូវីដ១៩ ច្រើនជាង ២,៩លានករណី រួមទាំងអ្នកស្លាប់ជិត ៩ម៉ឺននាក់ផងដែរ៕