ព្រះសីហនុ៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបកស្រាយថា ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ ការពារ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងតទៅ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ពាក្យដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺថាពាក្យថាចាំមិនដែលជួប គឺបានសេចក្តីនៅទីនេះគឺចាំរហូតតែម្តង បើជួបគ្នាហើយគេមិនហៅថាចាំទេ សិលាក៏អញ្ចឹងដែរ ដែលហៅថាពាក្យថាចាំគឺមិនដែលជួបទេ។
ក្នុងចំណុចនេះ សម្ដេចតេជោចង់សំដៅទៅលើភាពគង់វង្សជាអមតៈរបស់វា គឺសំដៅច្បាស់ ទៅលើសន្តិភាពនៃប្រទេសនេះមិនត្រូវបាត់បង់ទេ មិនអាចឱ្យនរណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្កមិនត្រូវបាននរណាប្រឆាំងទេ ទោះបីនរណាគំរាមកំហែងបំផ្លាញក៏ដោយ។ ដោយឡែកស្ថានភាពនៅទីនេះក៏ដូចគ្នាដែរ ផ្លូវនេះមិនត្រូវឱ្យបាត់បង់ តំបន់នេះមិនត្រូវឱ្យបាត់បង់ទេ នៅតែជារបស់ប្រជាជនកម្ពុជាជានិច្ច ដែលគាត់មានសិទ្ធិមកលេងកំសាន្តនៅទីនេះ៕