អាហ្វ្រិកខាងត្បូង៖ អ្នកជំនាញអាហ្រ្វិកខាងត្បូង បានបង្ហាញនូវការព្រួយបារម្ភអំពីការកើនឡើងនៃការឆ្លងកូវីដ១៩ ក្នុងចំណោមកុមារតូចៗ ស្របពេលដែលប្រទេសនេះ បានកត់ត្រាការឆ្លង ១៦.០៥៥ ករណីបន្ថែមទៀត និងការស្លាប់ ២៥នាក់ កាលពីថ្ងៃសុក្រ ទី៣ ខែធ្នូ។ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។
វេជ្ជបណ្ឌិត Waasila Jassat មកពីវិទ្យាស្ថានជាតិជំងឺឆ្លងអាហ្វ្រិកខាងត្បូង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រថា៖ ”យើងតែងតែឃើញកុមារមិនរងផលប៉ះពាល់ខ្លាំងពីការរីករាលដាលនៃកូវីដ១៩ នាពេលកន្លងមក (និង) មិនមានការចូល (ទៅមន្ទីរពេទ្យ) ព្យាបាលច្រើនឡើយ។ នៅក្នុងរលកទីបី យើងឃើញការចូលមន្ទីរពេទ្យកាន់តែច្រើនចំពោះកុមារអាយុក្រោម ៥ឆ្នាំ និងក្មេងជំទង់ដែលមានអាយុពី ១៥ ទៅ ១៩ ឆ្នាំ។
លោកបន្តថា៖ ”តាមការរំពឹងទុក វានៅមានកម្រិតទាបបំផុតចំពោះកុមារ។ ទោះជាយ៉ាងណាក៏ដោយ កុមារដែលមានអាយុក្រោម ៥ឆ្នាំឥឡូវនេះគឺខ្ពស់បំផុតទី២បន្ទាប់ពីអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ។”
លោក Jassat បានបន្ថែមថា៖ “និន្នាការដែលយើងកំពុងឃើញនៅពេលនេះ ខុសពីអ្វីដែលយើងបានឃើញពីមុន គឺការកើនឡើងជាពិសេសការចូលមន្ទីរពេទ្យចំពោះកុមារអាយុក្រោម ៥ ឆ្នាំ”៕