×

ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន​ដង្ហែ​មកដល់​កម្ពុជាហើយ

អត្ថបទ ៖ សន ពិសិដ្ឋ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានដង្ហែពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជាហើយ។
ពិធីរំកិលព្រះសព ចុះពីយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាព្រឹកនេះ មានការយាង-និមន្ត ពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃ និងព្រះសង្ឃទាំងពីរគណៈ។


សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការរៀបចំបុណ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ គណៈកម្មការនេះ មានសមាសភាព២៨រូប ដឹកនាំដោយ សម្តេចចៅហ្វាវាំងគង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។


តាមកម្មវិធីដែលបានគ្រោងទុក, ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវតម្កល់នៅព្រះរាជដំណាក់ នាផ្លូវសម្តេចប៉ាន់ ខណ្ឌដូនពេញ សង្កាត់ចតុមុខ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីថ្វាយព្រះកុសល ព្រះវិញ្ញាណក្ខន្ធ និងគោរពព្រះវិញ្ញាណក្ខន្ធ តាមបែបសាសនា។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសារាចរណែនាំពី ការចូលរួមគោរពព្រះវិញ្ញាណក្ធន្ធសព សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ដោយក្នុងសារាចរណែនាំនោះ រាជរដ្ឋាភិបាល បានធ្វើការណែនាំចំនួន៣ចំណុច៖
ទី១៖ ប្រកាសថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ
ទី២៖ គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១
និងទី៣៖ គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។


សូមជម្រាបជូនថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គមានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយព្រះអង្គបានយាងចូលព្រះទិវង្គត នៅទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩:៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា។

តាមកម្មវិធីដែលបានគ្រោងទុក ពិធីបូជាព្រះសព របស់សម្តេចក្រុមព្រះ នឹងធ្វើឡើងនៅវេលាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នៅខាងមុខវត្តបទុមវតី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង