អត្ថបទ លោក ហ៊ន សុភ័ក្រ
ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា«យើងកំពុងសិក្សាកសាងផ្លូវស្ពានតភ្ជាប់ពីស្រុកល្វាឯម ខេត្តកណ្តាល ទៅផ្លូវជាតិលេខ១»។
នេះជាការថ្លែងងបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឺង) នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១នេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាង និងរីកចម្រើនទាំងនេះមិនទាន់គ្រប់តម្រូវការដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាននោះទេ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា «តាមគម្រោង កាលពីម្សិលមិញនេះ ខ្ញ៉ំបានឱ្យសិក្សាអំពីការកសាងការតភ្ជាប់ផ្លូវពីល្វាឯម ទៅកាន់ផ្លូវជាតិលេខ១ និងឆ្ពោះទៅកាន់ប្រទេសវៀតណាម»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការសោកស្តាយថា «ក៉ំតែមានកូវីដ១៩ បំផ្លាញយើង ក៉ំអីខ្ញ៉ំប្រកាសសម្រេចឱ្យបញ្ចេញលុយដើម្បីកសាងតែម្តង តែយើងក៏ត្រូវសិក្សាការចំណាយសិនដែរ ដោយសារយើងត្រូវចំណាយលុយមួយខែប្រហែល ៥០លានដុល្លារឯណោះដើម្បីផ្តល់ជំនួយជួយដល់ប្រជាជនយើងដោះបញ្ហាក្នុងពេលកូវីដ១៩ ព្រមទាំងដោះស្រាយកម្មវិធីសង្គម»។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានជួយកសាងកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា មិត្តចិនបានជួយកសាងផ្លូវដល់កម្ពុជា ជាង ៣ពាន់គីឡូមែត្ររួចមកហើយ ក្នុងនោះក៏បានកសាងស្ពានឆ្លងទន្លេបាន ៨ស្ពាន និងស្ពានតូចៗជាច្រើនទៀត៕