×

មហាជន ជួយ​ស្ត្រីឥណ្ឌូណេស៊ី​ម្នាក់ រួចពី​ការជាប់គុក​មាន​ទោស​ដោយសារ​ជេរប្ដី

ឥណ្ឌូណេស៊ី៖ ស្ត្រីម្នាក់នៅទីក្រុង Karawang រដ្ឋ West Java ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ហិង្សាផ្លូវចិត្ត ដោយសារតែអ្នកស្រី បានស្តីបន្ទោសអតីតប្តីរបស់គាត់នៅពេលស្រវឹង។ ប៉ុន្តែបន្ទាប់ពីមហាជននាំគ្នារិះគន់ និងធ្វើញត្តិអនឡាញមក តុលាការបានសម្រេចចិត្តដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ។

ស្ត្រីដែលមានឈ្មោះថា Valencya ឬ Nengsy Lim ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ បន្ទាប់ពីអ្នកស្រី បានជេរអតីតស្វាមីរបស់គាត់ដែលតែងតែស្រវឹង។ ក្រុមចៅក្រម នៅតុលាការស្រុក Karawang បាននិយាយថា មិនមានព័ស្តុតាងណាមួយដែលបង្ហាញថា អ្នកស្រីបានប្រព្រឹត្តអំពើហឹង្សាផ្លូវចិត្តលើអតីតស្វាមីរបស់គាត់ ដែលជាជនជាតិតៃវ៉ាន់ចូលសញ្ជាតិឥណ្ឌូណេស៊ីនោះទេ។ សាលក្រម ថា Valencya រួចពីការចោទប្រកាន់ ដោយតុលាការ ក៏បានបញ្ជាឱ្យស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូររបស់ចុងចោទផងដែរ។

ពាក្យបណ្តឹងប្រឆាំងនឹង Valencya បានផ្ទុះឡើងកាលពីខែមុន ដែលជំរុញឱ្យអ្នកនិយមលេងអ៊ីនធឺណិត បានគាំទ្រពីក្រោយអ្នកស្រី នៅក្នុងញត្តិតាមអ៊ីនធឺណិត ដែលអំពាវនាវឱ្យអាជ្ញាធរ លុបចោលការចោទប្រកាន់ព្រហ្មទណ្ឌលើគាត់។

បន្ទាប់ពីការដោះលែង អ្នកស្រី Valencya មានអារម្មណ៍រំជួលចិត្តនៅក្នុងបន្ទប់សវនាការ និងបានសំពះនៅចំពោះមុខតុលាការផងដែរ។ បន្ទាប់ពីសវនាការ អ្នកស្រី បានបន្តថ្លែងអំណរគុណដល់សាធារណជនទូទៅ និងបានថ្លែងទៅកាន់មនុស្សរាប់ពាន់នាក់ ដែលបានចុះហត្ថលេខាលើញត្តិ #SaveValencya តាមអ៊ីនធឺណិត៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង