បាងកក៖ ប្រទេសថៃ បានរកឃើញករណីដំបូងនៃមេរោគជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ទៅលើពលរដ្ឋអាមេរិក ដែលបានធ្វើដំណើរមកប្រទេសនេះ ពីប្រទេសអេស្ប៉ាញកាលពីចុងខែមុននេះ។ មន្ត្រីសុខាភិបាលថៃ បានបញ្ជាក់នៅថ្ងៃចន្ទ ទី៦ ខែធ្នូ។
វេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា ករណីដែលបានបញ្ជាក់លើបុរសនោះ បានមកដល់កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសទី៤៧ ដែលបានរកឃើញវ៉ារ្យ៉ង់ថ្មីនេះ។ បុរសនោះមានអាយុ ៣៥ ឆ្នាំ ដែលមានរោគសញ្ញាស្រាល។
លោកវេជ្ជបណ្ឌិត Opas បានបន្តថា អាជ្ញាធរសុខាភិបាល កំពុងធ្វើតេស្ដបន្ថែមលើមនុស្សដែលបានទាក់ទងជាមួយបុរសនោះ។
ប្រទេសថៃបានហាមឃាត់អ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួន៨រួមមាន Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa និង Zimbabwe នៅដើមខែធ្នូ។
ប្រទេសនេះ បានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៤.០០០ ករណី និងការស្លាប់ថ្មីចំនួន ២២ នាក់នៅថ្ងៃចន្ទ ដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ជាង ២.១ លានករណី និងការស្លាប់ចំនួន ២០.៩៦៦ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន។
ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រជាជនជាង ៥៧ ភាគរយនៅក្នុងប្រទេសថៃបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន ២ ដូស៕