×

រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​ថា អូមីក្រុង កំពុង​រីករាលដាល​ក្នុង​សហគមន៍​នៅ​ចក្រភពអង់គ្លេស​ហើយ

អង់គ្លេស៖ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Sajid Javid បានប្រាប់សភាកាលពីថ្ងៃចន្ទថា មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ពេលនេះកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេស ដោយឆ្លងចេញពីក្នុងសហគមន៍ មិនមែនតាមរយៈមនុស្សដែលបានធ្វើដំណើរទៅចក្រភពអង់គ្លេសពីបរទេសទេ។

លោក បាននិយាយថា ឥឡូវនេះ មានករណី អូមីក្រុងសរុបចំនួន ៣៣៦ករណី ក្នុងប្រទេស ដែលមាន ២៦១ករណីនៅអង់គ្លេស ៧១ករណីនៅស្កុតឡែន និង ៤ករណីនៅប្រទេសវែល។

លោកថា៖ “នេះរាប់បញ្ចូលទាំងករណីដែលមិនមានទំនាក់ទំនងជាមួយការធ្វើដំណើរអន្តរជាតិ ដូច្នេះយើងអាចសន្និដ្ឋានថា ឥឡូវនេះ មានការឆ្លងសហគមន៍នៅទូទាំងតំបន់ជាច្រើននៃចក្រភពអង់គ្លេស។”

លោក Javid បាននិយាយថា ចាប់ពីម៉ោង ៤ ព្រឹកថ្ងៃអង្គារ ទី៧ ខែធ្នូ ទាំងអ្នកធ្វើដំណើរដែលទទួលបានវ៉ាក់សាំងពេញលេញ និងមិនបានចាក់វ៉ាក់សាំងពីប្រទេសដែលមិនមាននៅក្នុងបញ្ជីក្រហម ទៅកាន់ចក្រភពអង់គ្លេស នឹងត្រូវបង្ហាញការធ្វើតេស្តកូវីដ១៩ អវិជ្ជមាន ៤៨ ម៉ោងមុនពេលចេញដំណើរ។

ចក្រភពអង់គ្លេសបានកត់ត្រាករណីថ្មីនៃកូវីដ១៩ ចំនួន ៥១.៤៥៩កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនករណីសរុបចាប់តាំងពីការចាប់ផ្តើម ឡើងដល់ជាង ១០,៥ លានករណី។ អ្នកស្លាប់ចំនួន ៤១ នាក់ដោយសារកូវីដ១៩ ត្រូវបានកត់ត្រានៅទូទាំងចក្រភពអង់គ្លេសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនសរុបចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ កើនដល់ ១៤៥.៦៤៦ នាក់។

រហូតមកដល់ ៨៨,៩% នៃជនជាតិអង់គ្លេស ដែលមានអាយុ ១២ ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំង១ដូស, ៨១% ពីរដូស និង ៣៥,៨ បានចាក់ដូសទី៣ ឬដូសជំរុញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង