×

អារ៉ាប់រួម នឹងផ្លាស់ប្ដូរ​ម៉ោងធ្វើការ​មកត្រឹម ៤ថ្ងៃកន្លះ​ក្នុង​មួយសប្ដាហ៍

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប់រួម បានចែករំលែកនៅលើបណ្ដាញសង្គម Twitter នៅថ្ងៃអង្គារ ទី៧ ខែធ្នូនេះថា អារ៉ាប់រួម នឹងផ្លាស់ប្តូរថ្ងៃចុងសប្តាហ៍របស់ខ្លួន ទៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីឆ្នាំក្រោយ។

ថ្ងៃសុក្រ និងថ្ងៃសៅរ៍ គឺជាថ្ងៃចុងសប្ដាហ៍នៅប្រទេសអារ៉ាប់រួម។ ការផ្លាស់ប្តូរនេះ គឺមានសារសំខាន់ ដោយសារថ្ងៃសុក្រ គឺជាថ្ងៃដ៏ពិសិដ្ឋសម្រាប់អ្នកគោរពសាសនាឥស្លាមយូរមកហើយ។ ប្រទេសភាគច្រើន នៅឈូងសមុទ្រ ឈប់សម្រាប់ចុងសប្ដាហ៍នៅថ្ងៃសុក្រដល់ថ្ងៃសៅរ៍។

ប្រទេសនេះ នឹងមានថ្ងៃធ្វើការ ៤ថ្ងៃកន្លះ ដោយចុងសប្តាហ៍នឹងចាប់ផ្តើមនៅរសៀលថ្ងៃសុក្រ និងបន្តរហូតដល់ថ្ងៃអាទិត្យ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល បានឱ្យដឹងថា ការបន្ថែមរយៈពេលចុងសប្តាហ៍ មានន័យថា “បង្កើនផលិតភាព និងធ្វើឱ្យប្រសើរឡើងនូវតុល្យភាពជីវិតការងារ”។

ការផ្លាស់ប្តូរនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ហើយនឹងអនុវត្តចំពោះអង្គភាពរដ្ឋាភិបាល។ ម៉ោងធ្វើការថ្ងៃសុក្រ នឹងចាប់ពីម៉ោង ៧:៣០នាទីព្រឹកដល់ម៉ោង ១២រសៀល។ ចំណែកម៉ោងធ្វើការពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ នឹងចាប់ផ្តើមនៅម៉ោង ៧:៣០នាទីព្រឹក និងបញ្ចប់នៅម៉ោង ៣.៣០នាទីរសៀល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង