×

ក្រសួងសុខាភិបាល កំពុងផ្ទេរ​អ្នកជំងឺ​កូវីដ១៩ ពីទីតាំង​ព្យាបាល​ដែលខ្ចីពី​ឯកជន មកទីតាំង​ព្យាបាល​របស់​រដ្ឋ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បាន និងកំពុងចាត់ចែងផ្ទេរអ្នកជំងឺកូវីដ-១៩ ចេញពីទីតាំងព្យាបាលឯកជន ទៅសម្រាកព្យាបាលនៅតាមទីតាំងព្យាបាលរបស់រដ្ឋជាបណ្តើរៗហើយ។

ករណីមានការចាត់ចែងផ្ទេរអ្នកជំងឺកូវីដ១៩នេះ បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី បានផ្ដល់ជាអនុសាសន៍កាលពីថ្ងៃទី ៦ខែធ្នូកន្លងទៅ ដើម្បីប្រគល់ទីតាំងឯកជនទាំងនោះ ឱ្យប្រកបអាជីវកម្មរបស់ខ្លួនជាថ្មី។

ក្រសួងសុខាភិបាលកាលពិម្សិលមិញ ក៏បានផ្ទេរអ្នកជំងឺដែលស្នាក់នៅព្យាបាលនៅ មជ្ឈមណ្ឌលមង្គលឧត្តម ចេញរួចរាល់អស់ហើយ។ ទីតាំងមជ្ឈមណ្ឌល មង្គលឧត្តម នាព្រឹកនេះ គឺកំពុងធ្វើការបាញ់ថ្នាំសម្លាប់មេរោគផងដែរ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា កន្លែងព្យាបាលទាំងរាជធានី -ខេត្ត គេកំពុងតែពិនិត្យចាត់ចែង កន្លែងដែលអាចធ្វើការផ្ទេរបាន គឺផ្ទេរ ហើយកន្លែងផ្សេងទៀតដែលពុំអាចផ្ទេរបានទេ គឺកំពុងពិនិត្យនឹងចាត់ចែងការផ្ទេរដែរ ព្រោះជាក់ស្តែងគឺត្រូវតែផ្ទេរហើយ ព្រោះជាកន្លែងឯកជន ដែលត្រូវយកទីតាំងទាំងនោះទៅ ប្រកបអាជីវកម្មឡើងវិញ។

ឆ្លើយតបទៅនឹងសំណួរ ថាតើមន្ទីរពេទ្យរដ្ឋមានគ្រែគ្រាប់គ្រាន់សម្រាប់អ្នកជំងឺដែលផ្ទេរចេញពីកន្លែងឯកជនដែរឬទេ? លោកស្រីបានបញ្ជាក់យ៉ាងខ្លីថា អ្នកជំនាញកំពុងធ្វើការពិភាក្សាលើរឿងទាំងនេះ។

សូមបញ្ជា់ថា ថ្មីៗនេះក្រសួងសុខាភិបាលក៏បាន និងកំពុងរៀបចំការសាងសង់មណ្ឌលព្យាបាលកូវីដ-១៩ ធំមួយនៅរាជធានីភ្នំពេញ។

មណ្ឌលព្យាបាលកូវីដ-១៩ ដែលនឹងត្រូវសាងសង់នេះ គឺមានទីតាំង ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលគ្រោងនឹងអាចដាក់គ្រែបានសរុបចំនួន ១៥.០០០គ្រែ ទាំងការព្យាបាលកម្រិតធ្ងន់ និងកម្រិតស្រាលនិងចំណាយពេលសាងសង់ឱ្យរួចរាល់ក្នុងរយៈពេល ៦ទៅ៨ខែខាងមុខនេះ។

ចំពោះករណីកូវីដ១៩នៅ កម្ពុជានាព្រឹកថ្ងៃទី ០៨ខែធ្នូនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៤នាក់, ជាសះស្បើយ ១៣នាក់ និងស្លាប់ចំនួន៤នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)៕

អត្ថបទ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង