×

ដំរីដ៏​ឯកោ​លើលោក ខាវ៉ាន់ ត្រូវបាន​កត់សម្គាល់​ពី​ភាពខុសប្លែក​២យ៉ាង ក្រោយ​រស់នៅ​យ៉ាង​រីករាយ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្មទេព

ឧត្តរមានជ័យ៖ ខាវ៉ាន់ដំរីដ៏ឯកោលើលោក លែងឯកោទៀតហើយ និងមានសុខភាពល្អ រឹងមាំរីករាយក្នុងជម្រកថ្មីនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឆ្លៀតយកពេលនៃការបំពេញបេសកកម្មការងារនៅលើទឹកដីខេត្តសៀមរាប មកពិនិត្យមើលដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលក្រសួងបរិស្ថានបានអនុញ្ញាតដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជាចូលរួមការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃតំបន់នោះ។

លោក នេត្រ ភក្ត្រា បានបង្ហាញពីមោទកភាពដែលបានឃើញដំរីខាវ៉ាន់ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោកមានសុខភាពល្អ មានអារម្មណ៍ស្ងប់ និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀត។

សត្វដំរីខាវ៉ាន់ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅក្រោយរស់នៅក្នុងសួនសត្វនៃប្រទេសប៉ាគីស្ថានរាប់ឆ្នាំ។ បច្ចុប្បន្ននេះ ដំរីខាវ៉ាន់មានអាយុ ៣៦ ឆ្នាំហើយ និងបានរស់នៅលើជម្រកថ្មីរបស់ខ្លួនក្នុងប្រទេសកម្ពុជា រយៈពេលមួយឆ្នាំមកហើយ។
រយៈពេលមួយឆ្នាំដែល ដំរីខាវ៉ាន់រស់នៅក្នុងជម្រកថ្មីដែលកម្ពុជាបានផ្តល់ឱ្យ មានភាពប្លែកខុសពីមកដំបូងក្នុងនោះ ដំរីខាវ៉ាន់បានប្រែប្រួលពណ៌សម្បុរ ដូចជាដំរីរស់ក្នុងធម្មជាតិវិញ មានឃើញដុះរោមថ្មីនៅលើខ្នង ក្រចកលែងសូវរិចរិល និងមានឃើញលូតលាស់គល់ក្រចក មានដុះភ្លុករាងវែងបន្តិច រាងកាយមានភាពមាំមួនជាងមុនធាត់ជ្រុលដូចមុន និងរូបរាងមានការប្រែប្រួល។ ចរិតរបស់ដំរីខាវ៉ាន់មានការប្រែប្រួលខ្លាំងគឺមានភាពស្ងៀមស្ងាត់ និងស៊ាំនឹងមនុស្ស មិនតប់ប្រមល់ និងគួរឱ្យស្រឡាញ់។ ពេលវាស៊ីចំណី ស៊ីដោយរីករាយ និង យកចំណីពីដៃមនុស្សដោយមនោសញ្ចេតនា។

គួររំឭកផងដែរថា ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោក ទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ កាលនោះ ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។
សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា។ បច្ចុប្បន្ននេះ ដំរីខាវ៉ាន់ត្រូវបានបន្តបន្ស៊ាំនឹងការរស់នៅក្នុងព្រៃធម្មជាតិក្នុងទំហំ១២ ហិកតា ហើយនៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញីចំនួន ៣ ក្បាល ដែលរហូតមកដល់ពេលនេះ ដំរីខាវ៉ាន់បានធ្វើការទាក់ទង។ ទាំងនេះបានធ្វើឱ្យខាវ៉ាន់ដំរីដ៏ឯកោលែងឯកោទៀតហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង