×

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ថា ការដំឡើងពន្ធ​ថ្នាំជក់ នឹង​ជួយកាត់បន្ថយ​ហានិភ័យ​សុខភាព​ពលរដ្ឋ និង​បង្កើន​ចំណូល​ពន្ធជាតិ

ភ្នំពេញ៖ ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលពន្ធបន្ថែមយ៉ាងក្រាស់ក្រែលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា ចេញនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ។

អង្គការនេះ បានលើកឡើងថា កម្ពុជា នឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធដល់៧៥% នៃតម្លៃបារីលក់រាយ (ការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៨)។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ហូតពន្ធថ្នាំជក់ត្រឹមតែ ២៥% និង ៣១% ដែលជាអត្រាទាបបំផុតធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន។ ផ្ទុយទៅវិញ កម្ពុជាបានខាតបង់ប្រាក់ចំណូលពន្ធ ក្នុងទំហំទឹកប្រាក់ ២៧៩,៦ពាន់លានរៀលនៅក្នុងឆ្នាំ២០១៩ និង ៥៣២,៣ពាន់លានរៀលក្នុងឆ្នាំ២០២០ ដោយសារខកខានមិនបានដំឡើងពន្ធបារីបន្ថែម ៥០០រៀល/កញ្ចប់ និង១០០០រៀល/កញ្ចប់ រៀងគ្នា នេះបើយោងតាមការស្រាវជ្រាវមួយរបស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) នៅឆ្នាំ២០១៨។

អង្គការនេះ បានបន្ថែមថា មិនត្រឹមតែខាតចំណូលពន្ធរដ្ឋ ការជក់បារី ក៏បានបង្កឱ្យមានជំងឺផ្សេងៗជាច្រើនរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់គាំទ្រការដំឡើងពន្ធថ្នាំជក់ដើម្បីកាត់បន្ថយហានិភ័យសុខភាព និងបង្កើនចំណូលពន្ធជាតិ។ ជាក់ស្ដែង យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យ ដែលចេញផ្សាយនៅឆ្នាំ២០២១នេះ បានបង្ហាញថា ប្រជាជនកម្ពុជារហូត ៩៤% គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់។ ពោលគឺគាំទ្រឱ្យដំឡើងដល់ ៦២% នៃតម្លៃលក់រាយ ដែលស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺបង្កឡើងដោយសារការប្រើប្រាស់ថ្នាំជក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិ ៦៤៩ លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង៣%នៃផលិតផលក្នុងស្រុកសរុប(GDP) របស់កម្ពុជា នេះបើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង