ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ វីដេអូគ្រូបង្រៀនម្នាក់ត្រូវបានមហាជននាំគ្នាប្រតិកម្ម និងបានចែកចាយលើបណ្តាញសង្គមដោយសារលោក បានឱ្យកូនសិស្សហៅលោកថា ប៉ា អំឡុងពេលបង្រៀនតាមអនឡាញ។
នៅថ្ងៃទី០៩ ខែធ្នូ នេះលោកគ្រូជនជាតិម៉ាឡេស៊ី Uzairi Taib បានប្រកាសនៅលើគណនី Twitter ថាលោកនឹងលាឈប់ពីការងារជាគ្រូបង្រៀន ហើយលោក ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះពាក្យសម្តីឆ្គាំឆ្គងទាំងប៉ុន្មានដែលបានកើតឡើងដោយអចេតនា។
លោកគ្រូបានបន្ថែមថា ក្នុងនាមជាអ្នកផ្តល់ការអប់រំ លោកដឹងច្បាស់ពីក្រមសីលធម៌ដែលត្រូវគោរព និងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់ ប៉ុន្តែដោយសារការធ្វេសប្រហែសបានចាប់ផ្តើមពីការលេងសើចក្នុងកម្រិតមួយដើម្បីបង្កើនការចាប់អារម្មណ៍ដល់សិស្សក្នុងពេលសិក្សាបែរប្រែក្លាយជារឿងធ្ងន់ធ្ងរទៅវិញ។
លោកបាននិយាយថា៖ “ឱ្យខ្ញុំសូមទោសដោយស្មោះចំពោះការប្រើពាក្យសម្តីខុសឆ្គង ខ្ញុំបានរៀន និងទទួលបានបទពិសោធពីកំហុសមួយនេះហើយ ដូចនេះខ្ញុំបានសម្រេចចិត្តសម្រាកពីការងារបង្រៀនចាប់ពីពេលនេះតទៅ”៕