ការថែទាំស្បែកគ្រប់ផ្នែកនៃរាងកាយ ចាំបាច់ណាស់ចំពោះស្រីៗ ដើម្បីមើលទៅឱ្យមានភាពទាក់ទាញ។ ក្នុងនោះ ប្រអប់ដៃក៏ទាមទារឱ្យមានការថែទាំបានត្រឹមត្រូវ ដើម្បីឱ្យស្បែកទន់រលោងមិនស្ងួតប្រេះ ដូចនេះ ប៉ុន្មានវិធីខាងក្រោមនេះ អាចការពារប្រអប់ដៃមិនឱ្យស្ងួត និងជួយឱ្យមានភាពទន់ល្មើយ។
១.ពាក់ស្រោមដៃ
បងស្រីជាមេផ្ទះម្នាក់ឈ្មោះ លីន បានឱ្យដឹងថា ប្រសិនបើប្រអប់ដៃឧស្សាហ៍ត្រូវទឹកដោយសារលាងចាន ឬបោកខោអាវ អ្នកគួរពាក់ស្រោមដៃនៅពេលធ្វើកិច្ចការទាំងនោះ ព្រោះស្រោមដៃការពារមិនឱ្យបាត់បង់ជាតិប្រេងនៅលើប្រអប់ដៃពេលត្រូវទឹកច្រើន។
២.ការពារស្បែក
នៅក្នុងអាកាសធាតុក្តៅបែបនេះ វាអាចបណ្តាលឱ្យស្បែកស្ងួត ដូចនេះ និស្សិតស្រីមិនបញ្ចេញឈ្មោះម្នាក់នៃសកលវិទ្យាល័យ បញ្ញាសាស្រ្តបានឱ្យដឹងដែរថា វិធីមួយជួយឱ្យប្រអប់ដៃទន់រលោង មិនស្ងតគឺ ពេលប្រើឡេការពារកម្តៅមិនត្រូវភ្លេចលាបទៅលើប្រអប់ដៃ និងត្រូវឃ្លុំឱ្យជិតការពារពីកម្តៅព្រះអាទិត្យ។
៣.ជៀសវាងប្រើសាប៊ូញឹកញាប់
សារធាតុគីមីដែលមាននៅក្នុងសាប៊ូអាចធ្វើឱ្យស្បែកនៅលើប្រអប់ដៃស្ងួតបាន។ បើអាចគួរជៀសវាងការលាងដៃញឹកញាប់ ដើម្បីកុំឱ្យសារធាតុគីមីទាំងនោះធ្វើឱ្យប៉ះពាល់ដល់ស្បែកប្រអប់ដៃ។
៤.ជៀសវាងប្រើម៉ាស៊ីនសម្ងួត
ម៉ាស៊ីនសម្ងួតដៃដែលមាននៅក្នុងបន្ទប់ផ្សារទំនើប ឬកន្លែងធ្វើការទាំងនោះអាចធ្វើឱ្យប្រអប់ដៃស្ងួត ដោយសារម៉ាស៊ីនទាំងនោះបញ្ចេញខ្យល់សម្ងួតក្តៅ។ បើអាចគួរប្រើកំណាត់ កន្សែង ឬក្រដាសជូតដៃជំនួសវិញ ដើមើ្បរក្សាសំណើមរបស់ប្រអប់ដៃ។
៥.ប្រើឡេ ឬគ្រីមផ្តល់សំណើម
បងស្រី លីន ជាមេផ្ទះដដែល បានឱ្យដឹងថា រាល់ពេលដែលលាងដៃរួច គួរប្រើលាបឡេ ឬគ្រីមផ្តល់សំណើម ដើម្បីឱ្យប្រអប់ដៃទន់ល្មើយ និងមិនងាយឆាប់ស្ងួតប្រេះ៕
ប្រភព៖ Hellokrupet