អត្ថបទ៖ ជា ស្រស់
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងប្រារព្ធពិធី«រំលឹកគុណអង្គរ» ដែលមានរយៈពេល៥ថ្ងៃ ដើម្បីដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានកសាងអង្គរ ក៏ដូចជាប្រាង្គប្រាសាទបុរាណទាំងអស់ ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិនាពេលនេះ។
អគ្គនាយករង និងជាអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះថា ពិធីរំលឹកគុណអង្គរនេះ គ្រោងនឹងធ្វើឡើងនៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ខាងមុខនេះ ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២២ តទៅ។ លោកបន្តថា ពិធីដឹងគុណអង្គរ ធ្វើឡើង ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនៗ ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ ដើម្បីជាសារប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន។ ព្រឹត្តិការណ៍នេះ ក៏ដើម្បីបង្ហាញពីការងារ និងសមិទ្ធផលការងារទូទៅដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន ក្នុងបំណងដើម្បីកិច្ចការអភិរក្សប្រាសាទ ដែលជាមរតកដ៏សំខាន់សម្រាប់ប្រជាជាតិយើង។
លោកបានបន្ដថា ព្រឹត្តិការណ៍នេះ ក៏នឹងបើកឱកាសដល់សាធារណជន អាចចុះឈ្មោះ ដើម្បីទស្សនកិច្ចស្វែងយល់នៅតាមការដ្ឋានការងារជួសជុលប្រាសាទនានាដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការផងដែរ។ សាធារណជន អាចដឹងកាន់តែច្បាស់ពីកិច្ចការងារទាំងនោះ និងគោលបំណងលើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។
លោកបានបញ្ជាក់ថា នៅក្នុងពិធីរំលឹកគុណអង្គរនេះ ក៏មានការរៀបចំឱ្យមានការរៀបចំបង្ហាញពីពិធីសាសនា សម្ដែងសិល្បៈ ល្ខោននបាសាក់ ល្ខោនស្បែកធំ វប្បធម៌ និងមានការតាំងពិព័រណ៍ស្នាដៃផ្សេងៗ ដែលកូនខ្មែរបានធ្វើកន្លងមក៕