×

ស្នេហាត្រីកោណ​រវាង​អ្នកលក់អនឡាញ​នៅ​អូសបន្លាយ​មិនចប់​ដោយ​ពេលនេះ​ដល់វគ្គខាងស្រី​ប្តឹង​អតីត​មិត្តប្រុសវិញម្តង

ភ្នំពេញ៖ បញ្ហាស្នេហាត្រីកោណរវាងអ្នកលក់អនឡាញល្បីឈ្មោះ ស៊ាន ធារី និងលោក ជា ចាន់តុលា ដែលមានជនទី៣ល្បីថាជាបុគ្គលជោគជ័យវ័យក្មេង ប៊ុន ផាក នៅអូសបន្លាយមិនទាន់ចប់ឡើយ។ ពោលក្រោយពីលោក ជា ចាន់តុលា បានប្តឹងលោក ប៊ុន ផាក ពីបទញុះញ៉ង់ មិនបានប៉ុន្មានផង បុគ្គលជោគជ័យរូបនោះ ត្រូវបានដោះលែងវិញឱ្យមានសេរីភាពធម្មតា។

មកទល់ពេលនេះ យោងតាមគណនីបណ្តាញសង្គមរបស់លោក ជា ចាន់តុលា បានចែករំលែកថា ពេលនេះខាងស្រី បានប្តឹងលោកវិញហើយពីបទ លួចប្រាក់ក្រុមហ៊ុន ធ្វើឱ្យខូចខាតដោយចេតនា លុបបំបាត់ ឬ កែប្រែដោយទុច្ចរិតនូវទិន្នន័យ គំរាមកំហែងឱ្យបំពេញលក្ខខណ្ឌអ្វីមួយ និងគូកនពីបទ រំលោភលើលំនៅឋាន។

ដីកាកោះហៅនេះតម្រូវឱ្យលោក ជា ចាន់តុលា ចូលខ្លួនដោះស្រាយនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩នាទីព្រឹក។

គួរបញ្ជាក់ដែរថា សម្រាប់ការចែករំលែកមួយនេះមិនបានឃើញមាននៅលើគណនីរបស់លោកទៀតឡើយ ដោយលោកបានបញ្ជាក់តាមរយៈការផុសមួយថា “តើអ្នកណាគេព្យាយាមរីផត ធ្វើនេះដើម្បីអី”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង