ស្ទឹងត្រែង៖ ការធ្វើតេស្ដរហ័ស Rapid Test ទៅលើទណ្ឌិត និងមន្ត្រីអនុរក្សនៃពន្ធនាគារកាំងមេម៉ាយ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ពិតជាបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ពិតប្រាដកមែន។ នេះបើយោងតាមការឱ្យដឹង ពីលោក ទន វុទ្ធី ប្រធានក្រុមប្រតិកម្មរហ័សនៃជំងឺឆ្លង នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ។
លោក ទន វុទ្ធី បានឱ្យដឹងក្នុងតេឡេក្រាមថា៖ “នៅថ្ងៃទី៩ ខែធ្នូ ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានទៅធ្វើ Rapid Test ទៅលើទណ្ឌិតចំនួន៣០០នាក់ និងមន្ត្រីអនុរក្សចំនួន៨នាក់ ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ១៩ខ្លះលើពួកគេទាំងនោះ។” ប៉ុន្ដែ លោកក៏បានបញ្ជាក់ផងដែរថា៖ “លទ្ធផលដែលចេញដោយ Rapid Test នេះ មិនយកជាផ្លូវការទេ ឯលទ្ធផលពិតប្រាកដ រងចាំពីម៉ាស៊ីនធំ PCR ទើបយកជាការណ៍បាន។”
លោក ទន វុទ្ធី បានបន្តថា ចំពោះសំណាក ក្រុមជំនាញបានបញ្ជូនទៅភ្នំពេញរួចរាល់អស់ហើយ ដោយរង់ចាំតែលទ្ធផលដែលចេញដោយម៉ាស៊ីនធំ PCR ប៉ុណ្ណោះ។
សូមរំឭកផងដែរថា កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោក ឈុន ដារ៉ា ប្រធានពន្ធនាគារកាំងមេម៉ាយបានចេញសេចក្តីបដិសេធមួយច្បាប់ផងដែរ ដោយបញ្ជាក់ថា៖ “ពុំមានករណីផ្ទុះមេរោគកូវីដ១៩ នៅក្នុងពន្ធនាគារ ដូចការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ៕”
អត្ថបទ៖ ម៉ាក មេត្តា