×

ភេសជ្ជៈ​ទាំង៥មុខនេះ ជួយ​សម្រាល​បញ្ហា​រឿងគេងមិនលក់​ស្កប់ស្កល់

គេងមិនលក់ អាចបណ្តាលមកពីកត្តាជាច្រើនយ៉ាង រាប់ទាំងការសម្លឹងមើលអេក្រង់ទូរសព្ទដល់យប់ៗជ្រៅផង។ តែយ៉ាងណាមិញ យើងក៏អាចមានវិធីដោះស្រាយបានដោយខ្លួនឯង តាមរយៈការស្រាវជ្រាវជាច្រើនបង្ហាញថា ការទទួលទានភេសជ្ជៈទាំងនេះ អាចជួយឱ្យការគេងរបស់យើងបានប្រសើរ ដោះស្រាយបញ្ហា គេងមិនលក់ ពិសេសជួយឱ្យគេងបានលក់ស្កប់ស្កល់ឡើងវិញ។

១. ទឹកដោះគោក្តៅឧណ្ហៗ

ទឹកដោះគោក្តៅឧណ្ហៗ ជាជម្រើសភេសជ្ជៈល្អបំផុត ដែលជំរុញឱ្យអ្នកទទួលបានដំណេកលង់លក់ ស្កប់ស្កល់។ នៅក្នុងទឹកដោះគោ ផ្ទុកនូវសារធាតុអាមីណូអាស៊ីត Tryptophan ដែលជួយជំរុញអ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូនរីករាយ) នៅក្នុងខួរក្បាល ដែលជួយឱ្យរាងកាយទទួលអារម្មណ៍បានល្អៗប្រសើរ ធ្វើឱ្យអ្នកបានគេងលង់លក់។

២. ទឹកតែជីអង្កាម

ទឹកតែជីអង្កាមមិនត្រឹមតែជួយបំបាត់អាការៈឆ្អល់ពោះ ឈឺពោះ តែប្រភេទតែនេះ សម្បូរដោយសារធាតុប្រឆាំងនឹងដំណើររលាកក្នុងរាងកាយ។ ដូចនេះ ភេសជ្ជៈពិសេសមួយនេះ ជួយសម្រាលសាច់ដុំពីភាពចុករួយ ឈឺចាប់ នឹងជួយឱ្យរាងកាយបានសម្រាក។ ប្រសិនបើ យើងត្រូវមានថ្ងៃប្រលងស្អែក ឬឡើងធ្វើបទបង្ហាញ ត្រូវការសម្រាក តែជួបបញ្ហារសាប់រសល់គេងមិនលក់ ភេសជ្ជៈនេះ ជាជម្រើសល្អបំផុត។

៣. ទឹកផ្លែឈេរី (Cherry)

ដូចទៅនឹងទឹកដោះគោដែរ ទឹកផ្លែឈេរី ផ្ទុកនូវសារធាតុអាមីណូអាស៊ីត Tryptophan ជួយជំរុញរាងកាយយើងឱ្យផលិតអ័រម៉ូន មេឡាតូនីន ជួយបង្កើនគុណភាពដំណេករបស់យើង។ ឆ្លងតាមការសិក្សា ទឹកផ្លែឈើនេះ ជួយដោះស្រាយបញ្ហាគេងមិនលក់ ដោយប្រសិទ្ធភាព។

៤. ទឹកដូង

ពិតណាស់ទឹកដូង មានទាំងជាតិ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជាតិរ៉ែខនិជទាំងពីរនេះ ជួយឱ្យសាច់ដុំសម្រាក (ធូរស្បើយ) នាំឱ្យការទទួលទានដំណេករបស់យើងបានល្អប្រសើរ។ មិនតែប៉ុណ្ណោះទឺកដូង ដែលមាននូវជាតិអេឡិចត្រូលីតធម្មជាតិ ជួយបន្ថយសម្ពាធឈាម ព្រមទាំងបំបាត់អាការៈហើមក្រលៀនទៀតផង។

៥. ភេស្ជជៈចេកក្រឡុក ជាមួយនឹងទឹកអាល់មុន (Almond)

ក៏ដូចគ្នានឹងភេសជ្ជៈមុនៗដែរ ចេកក៏មានផ្ទុកនូវអាមីណូអាស៊ីត Tryptophan ថែមទាំងមានរ៉ែប៉ូតាស្យូម និងម៉ាញ៉េស្យូមជួយបន្ធូរបន្ថយអាការៈឈឺចាប់សាច់ដុំ។ បន្ថែមពីនេះ ផ្លែឈើនេះ សម្បូរជាតិកាកសរសៃ (Fiber) និងកាបូនអ៊ីដ្រាត ដែលជួយបំពេញក្រពះ មិនឱ្យឃ្លាន នាំឱ្យអាការៈរសាប់រសល់គេងមិនលក់ បាត់ទៅឆ្ងាយ និងជួយឱ្យយើងគេងបានលក់ស្កប់ស្កល់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង