តៃវ៉ាន់៖ តារាសម្តែងល្បីឈ្មោះ Ruby Lin បានសម្រេចចិត្តរើស្ទូឌីយូរបស់នាងនៅលើទឹកដីប្រទេសចិនមកតៃវ៉ាន់វិញដោយការងារនៅទីនោះមិនសូវជាអំណោយផលសម្រាប់នាងឡើយ។ យ៉ាងណាមិញ តារាស្រីជើងចាស់វ័យ ៤៥ឆ្នាំរូបនេះបានបញ្ជាក់ថា ទន្ទឹមនឹងមិនសូវទទួលបានការងារនៅលើទឹកដីប្រទេសចិនហើយ ក៏មានមូលហេតុចម្បងមួយទៀតគឺ ដោយសារនាងបានសម្គាល់ឃើញថា ម្តាយរបស់នាងកាន់តែមានវ័យចាស់ហើយដែរ ដូចនេះនាងចង់មានពេលវេលាជាមួយម្តាយឱ្យបានច្រើន។
អ្វីដែលធ្វើឱ្យតារាស្រីរូបនេះរំជួលចិត្តនោះគឺម្តាយរបស់នាងបាននិយាយទៅកាន់នាងថា “កូនរវល់នឹងការងារច្រើនណាស់ ម៉ាក់ចាស់ហើយ តើកូនមិនដឹងទេឬ?” ដោយសារបែបនេះហើយទើប Ruby Lin ចង់ចំណាយពេលនៅតៃវ៉ាន់ឱ្យបានច្រើនដោយរយៈពេលប៉ុន្មានខែចុងក្រោយនេះ Ruby បានធ្វើការងារនៅតៃវ៉ាន់ដោយផលិតរឿងថ្មីមួយឆ្នាំ២០២១ Light The Night ដែលនាងសម្តែងជាតួឯកស្រីផងដែរ៕