ឧត្តរមានជ័យ៖ រមណីយដ្ឋានធម្មជាតិរលួសធំ ជារមណីយដ្ឋានធម្មជាតិប្លែកពីគេមួយកន្លែងដែលមានដីហូរច្រោះ បង្កើតទៅជារូបរាងដូចជាសសរវិហារ ឬក៏សំណង់ប្រាសាទបុរាណផ្សេងៗ។
នៅទីនោះ សណ្ឋានដីហាក់ដូចជាផុសចេញជាដំបូកតូចធំ ព្រោងព្រាត មានស្នាមទឹកហូរជាចង្អូរៗ និងមានជញ្ជាំងខ្ពស់ទាប បង្កើតបានជាផ្ទាំងទស្សនីយភាពគួរឱ្យចង់គយគន់។ រមណីយដ្ឋានធម្មជាតិរលួសធំ ស្ថិតក្នុងភូមិខ្នាចឫស្សី ឃុំបន្សាយរ៉ាក់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
រមណីយដ្ឋានធម្មជាតិរលួសធំ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ ដោយធ្វើដំណើរចេញពីសាលាខេត្ដតាមផ្លូវភ្លោះឆ្ពោះទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ រួចអ្នកត្រូវបត់ឆ្វេងទៅត្រង់តាមផ្លូវជាតិលេខ ៦៨ ប្រហែល ២៦គីឡូម៉ែត្រ រួចធ្វើការបត់ឆ្វេងទៅកាន់ផ្លូវលំមួយនេះប្រមាណ ១៣គីឡូម៉ែត្រទៀតនោះយើងនឹងទៅដល់រមណីយដ្ឋាននេះជាមិនខាន៕