កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានមានប្រសាសន៍នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះថា សហរដ្ឋអាមេរិក ចិន និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាជាគោលការណ៍ ស្តីពីការប្រកាសការបញ្ចប់ជាផ្លូវការ ចំពោះសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ហើយទីក្រុងសេអ៊ូល នឹងជំរុញឱ្យវាកើតឡើង។
លោក មូន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បន្ទាប់ពីកិច្ចពិភាក្សាកំពូលទ្វេភាគីនៅទីក្រុងកង់បេរ៉ា។
លោកប្រធានាធិបតី បានឱ្យដឹងថា លោកជឿជាក់ថា ការ ប្រកាសបញ្ចប់សង្គ្រាម នឹងជួយស្តារការចរចាដែលជាប់គាំងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមទាំងរវាងកូរ៉េខាងជើង និងអាមេរិក។
សង្គ្រាមកូរ៉េ ដែលអូសបន្លាយពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់ ហើយមិនមែនជាសន្ធិសញ្ញាសន្តិភាពទេ មានន័យថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង ស្ថិតក្នុងស្ថានភាពនៃសង្គ្រាមនៅឡើយ៕