×

ស្រីៗ​ប្រយ័ត្នណា ក្លៀកឈឺ​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សុដន់

សម្រាប់ស្រីៗគ្នាយើង ជំងឺមហារីកដែលប្រឈមខ្ពស់នោះគឺមហារីកសុដន់នេះឯង ហើយរោគសញ្ញារបស់វាមួយចំនួន យើងមិនសូវជាដឹង ឬចាប់អារម្មណ៍ទៅលើវាប៉ុន្មានទេ ដូចជា ឈឺក្លៀក រមាស់ចុងសុដន់ ឬចុងសុដន់លិបចូលក្នុងជាដើម។

ទាក់ទងនឹងបញ្ហានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសផ្នែកជំងឺមហារីក និងជំងឺឈាម បានឱ្យដឹងថា “ជាក់ស្ដែង ការឈឺនៅក្នុងតំបន់ក្លៀក វាអាចជាសញ្ញាមួយនៃមហារីកសុដន់រាលដាលទៅកូនកណ្ដុរនៅក្នុងក្លៀកអ្នកជំងឺ។”

លោកវេជ្ជបណ្ឌិតបន្តថា ប៉ុន្តែ ស្ត្រីទាំងអស់ដែលមានឈឺចុកចាប់នៅតំបន់ក្លៀក មិនមានន័យថា សុទ្ធតែកើតមហារីកសុដន់ទាំងអស់នោះទេ ព្រោះមានជំងឺផ្សេងជាច្រើនទៀតក៏ចេញរោគសញ្ញានេះដែរ គ្រាន់តែជំងឺមហារីកសុដន់ កាលណាដែលរាលដាលដល់ក្លៀកក៏វាបណ្ដាលឱ្យឈឺបែបនេះដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះ ជំងឺមហារីកសុដន់នៅមិនទាន់រកមូលហេតុច្បាស់លាស់នៅឡើយទេថា វាកើតឡើងបណ្ដាលមកអ្វី តែខាងក្រុមគ្រូពេទ្យដឹងត្រឹមតែ ជំងឺមហារីកនេះកើតឡើងនៅពេលដែលកោសិកាសុដន់ចាប់ផ្ដើមលូតលាស់ខុសប្រក្រតី ហើយកត្តាប្រឈមនឹងជំងឺមហារីកសុដន់មានច្រើនគួរឱ្យយកចិត្តទុកដាក់ដូចជា កត្តាអាយុ ភេទ ប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ កត្តាហ្សែន អស់រដូវ។ល។

ជាពិសេស ករណីដែលមិនគួរមើលរំលង គឺនៅពេលសុដន់៖

-ស្បែកសុដន់ឡើងក្រហម ជ្រួញ ដូចផ្លែក្រូច
-មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ
-សុដន់ម្ខាងធំជាងម្ខាងទៀត
-ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់

ប្រសិនបើ ជួបបញ្ហាទាំងនេះ ឬសង្កេតឃើញថា សុដន់មានការប្រែប្រួល មិនប្រក្រតីកន្លែងណាមួយ គួរទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ ទោះបីទើបតែពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង