×

សត្វក្រួច​ក្លាស្សេ​ជាង ៣តោន នាំចូលពី​ប្រទេសវៀតណាម​ខុសច្បាប់ តាម​ច្រកព្រែកចាក ត្រូវបាន​រឹបអូស

កណ្តាល៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះបង្ក្រាបរថយន្តមួយគ្រឿង ដឹកសត្វក្រួចក្លាស្សេចំនួន ៦៤កេស ស្មើនឹងចំនួន ៣២០០គីឡូក្រាម ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានលិខិតអនុញ្ញាត។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិក្រាំងគាំ ឃុំត្រែង ស្រុកកណ្ដាល ស្ទឹងខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងក្រុមមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាប់រថយន្តមួយគ្រឿងចំណុះ ១តោន ម៉ាក KIA FRONTIER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២BA-៤០៥៣។

សត្វក្រួចក្លាស្សេគ្មានច្បាប់ដ៏ច្រើនបែបនេះ មានការសង្ស័យថា នឹងមានការជាប់ពាក់ព័ន្ធនឹងមន្ត្រីច្រកព្រែកចាក ស្រុកកំពង់ត្រឡាច ខេត្តកំពត។ ក្នុងករណីនេះ ប្រសិនបើគ្មានការអនុញ្ញាតពីមន្ត្រីច្រកទេ រថយន្តមួយគ្រឿងនេះ ក៏មិនអាចធ្វើចរាចរណ៍ចូលកម្ពុជាដោយរលូនបានឡើយ។

ទោះយ៉ាងនេះក៏ដោយ បច្ចុប្បន្នមន្ត្រីជំនាញ បាននាំយកវត្ថុតាងទាំងអស់នេះទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីស៊ើបអង្កេត និងចាត់ការបន្តតាមនីតិវិធី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង