តៃវ៉ាន់៖ ដើម្បីដាក់អារម្មណ៍ត្រៀមថតឈុតសម្តែង បន្ទាប់ដែលជាឈុតកម្សត់ Wallace Huo បានបដិសេធការអញ្ជើញឱ្យញ៉ាំអាហារសម្រន់ពី Ruby Lin និងមិនឆ្លើយសូម្បីមួយម៉ាត់ ដោយគ្រាន់តែក្រវីក្បាលជាការឆ្លើយតបជំនួសវិញ។
រំឭកទៅកាលគ្រានោះក្នុងឆ្នាំ២០០៦ Ruby និង Wallace បានសម្តែងភាពយន្តរួមគ្នាលើកដំបូង ដូចនេះ នៅពេលសម្រាកពីការថត Ruby និងក្រុមការងារបាននាំគ្នាញ៉ាំផ្លែឈើ និងនំខេកជុំគ្នា ពេលនោះ Ruby ឃើញ Wallace ដើរកាត់នាង ក៏បានហៅតារាប្រុសរូបនោះឱ្យចូលរួមជាមួយពួកនាង ប៉ុន្តែលោក បែរជាមិននិយាយស្តីអ្វីទាំងអស់ និងក្រវីក្បាលជាការឆ្លើយតប រួចក៏ដើរចេញទៅជាមួយជំនួយការ និងអ្នកបើកឡានសំដៅទៅរានហាលខាងក្រៅ។
រឿងមួយនេះ Wallace បានបកស្រាយថា ដោយសារឈុតថត បន្ទាប់គឺជាឈុតកម្សត់ ដែលតួប្រុសត្រូវគេងលើគ្រែពេទ្យ យំកម្សត់ បែបនេះហើយទើបលោក ព្យាយាមប្រមូលអារម្មណ៍ ដើម្បីត្រៀមខ្លួនថតរហូតត្រូវបដិសេធការអញ្ជើញញ៉ាំអាហារសម្រន់ពី Ruby បែបនេះ។
គួរបញ្ជាក់ដែរថា ទោះបីជា Wallace ជាមនុស្សមិនចូលចិត្តនិយាយស្តីច្រើន និងចូលចិត្តនៅស្ងៀមស្ងាត់ក៏ដោយ ក៏ទីបំផុតលោក ក៏បានក្លាយជាមិត្តល្អរបស់តារាស្រី Ruby អស់រយៈពេលជាច្រើនឆ្នាំរហូតមិត្តភាពក្លាយជាស្នេហា និងបានសាងគ្រួសារដោយប្រារព្វពិធីអាពាហ៍ពិពាហ៍យ៉ាងធំនៅកោះបាលី ក្រោមវត្តមានភ្ញៀវចូលរួមជាច្រើនកុះករ៕