ភ្នំពេញ៖ ក្រសួងសុខាភិបាល ជូនដំណឹងថា៖ ក្រសួង បានរកឃើញករណ៍វិជ្ជមានកូវីដ១៩ បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ ដែលមានលទ្ធផលវិភាគ បញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
ករណីវិជ្ជមានកូវីដ១៩ អូមីក្រុងនេះ ត្រូវបានរកឃើញលើស្រ្តីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះ មានផ្ទៃពោះចំនួន ១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ (ដោយនៅរងចាំជើងហោះហើរចំនួន ១៤ ម៉ោង) ទើបបន្តដំណើរមកដល់ ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ១៩ ហើយក៏បានបញ្ជូនវត្ថុសំណាក ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ញាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។
បច្ចុប្បន្ននេះ អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” និងចាក់វ៉ាក់សាំងកូវីដ១៩ នៅពេលដល់ វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នៅតាមសហគមន៍របស់យើង៕