×

សម្ដេចតេជោ មានប្រសាសន៍​ថា កុមារ​និង​យុវវ័យ​ចាប់ពី​១២ដល់១៨ឆ្នាំ នឹង​ទទួល​វ៉ាក់សាំង​កូវីដ១៩​សម្រាប់​ដូសទី៣

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដោយចាប់ពីខែមករា ឆ្នាំ២០២២តទៅ កុមារនិងយុវវ័យ ចាប់ពីអាយុ ១២ដល់១៨ឆ្នាំ នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី៣ ឬដូសជំរុញ ដោយចាក់តាមវិធីសាស្ត្រផ្ការីក ដើម្បីបង្កើនកងការពារ ទប់ទល់ជាមួយជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មីផ្សេងៗទៀត។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងបែបនេះ ក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវភ័យស្លន់ស្លោខ្លាំង ចំពោះមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង រហូតបាត់ម្ចាស់ការ ហើយក៏មិនត្រូវបោះបង់ការប្រុងប្រយ័ត្ននោះឡើយ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ បំម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) លើកដំបូង ទៅលើស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនោះ មានលទ្ធផលវិភាគ បញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង