នៅពេលនិយាយដល់ Atletico Madrid កីឡាករ Cristiano Ronaldo តែងតែរកគ្រាប់បាល់សម្រាប់ក្លិបដែលគេលេងឱ្យកាលពីអតីតកាល ជាមួយនឹងកំណត់ត្រាគួរឱ្យកត់សម្គាល់។
Atletico Madrid ត្រូវប៉ះ Manchester United ក្នុងការ ប្រកួត UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ។ មានន័យថា Cristiano Ronaldo នឹងត្រឡប់ទៅអេស្ប៉ាញម្ដងទៀត ដើម្បីតទល់នឹងក្រុមរបស់លោក Diego Simeone។
Ronaldo រីករាយនឹងកំណត់ត្រាដ៏ល្អមួយទល់នឹងកូនក្រុមរបស់លោក Simeone ដោយស៊ុតបញ្ចូលទីបាន ២៥គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់។ គេរកបាន Assist ៩ដងផងដែរ ក្នុងប្រវត្តិប៉ះ AT. Madrid ។
ការបង្ហាញខ្លួនលើកដំបូងរបស់ Ronaldo ទល់នឹង AT. Madrid បានកើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១០ នៅក្របខណ្ឌ La Liga ។ ថ្វីត្បិតតែគេមិនអាចស៊ុតបញ្ចូលទី ឬ Assist ក្នុងការប្រកួតនោះក៏ដោយ ក៏គេបានក្លាយជាកម្លាំងដ៏សំខាន់នៅស្លាបឆ្វេង និងបានជួយ Real Madrid ឈ្នះ ៣-២ នៅកីឡដ្ឋាន Santiago Bernabeu របស់ក្រុមអធិរាជស។
គ្រាប់បាល់ដំបូងរបស់ Ronaldo ទល់នឹង AT. Madrid បានកើតឡើងនៅក្នុងការជួបគ្នាលើកទី៣របស់គេ ក្នុងការប្រកួតពានរង្វាន់អេស្ប៉ាញ Copa del Rey ដែលក្រុមរបស់គេបានបន្តឈ្នះ ៣-១ ។
Ronaldo ធ្វើបានហែតទ្រីក ៤ដង ទល់នឹង AT. Madrid ក្នុងនោះ ២ដងនៅ La Liga និង ២ដងនៅ UEFA Champions League ។ ហែតទ្រីកដំបូងរបស់កីឡាករព័រទុយហ្គាល់ បានកើតឡើងក្នុងខែមេសា ឆ្នាំ២០១២ នៅក្រៅដីនៅឯ Calderon ក្នុងជ័យជម្នះ ៤-១ សម្រាប់ក្រុម Real Madrid ។ ខណៈហែតទ្រីកចុងក្រោយរបស់គេ បានកើតឡើងក្នុងអំឡុងពេលលេងជាមួយ Juventus ក្នុងក្របខណ្ឌ Champions League ។
ជាមួយគ្នានេះ Ronaldo បានស៊ុតបាល់ហ្វ្រីឃីក ចូល៣គ្រាប់ ទល់នឹង AT. Madrid នៅ La Liga ។ គេបានស៊ុតបាល់ប៉េណាល់ទី ៦ដង ចូលទាំង៦គ្រាប់ទល់នឹង AT. Madrid ៕