អាមេរិក៖ អតីតព្រះនាងជប៉ុន Mako និងស្វាមីសម្រេចចិត្តទៅរស់នៅសហរដ្ឋអាមេរិកដែលជាទីកន្លែង Kei Komuro សិក្សា និងធ្វើការនៅទីនោះ។ អ្នកទាំងពីរ បានក្លាយជាគូស្វាមីភរិយាពេញច្បាប់កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅក្រោយពន្យារថ្ងៃរៀបការអស់រយៈពេល៣ឆ្នាំដោយសារបញ្ហាហិរញ្ញវត្ថុរវាងលោក និងអតីតគូដណ្តឹងរបស់ម្តាយលោកដែលធ្លាប់ផ្គត់ផ្គង់ថ្លៃសិក្សាឱ្យ។
រំឭកទៅប្រវត្តិស្នេហារវាងអ្នកទាំងពីរវិញ ពួកគេបានជួបគ្នាក្នុងកម្មវិធីសិក្សាក្រៅប្រទេសនៅភោជនីយដ្ឋានមួយនៅទីក្រុងតូក្យូ ដែលកាលណោះអ្នកទាំង២គឺជាសិស្សសាកលវិទ្យាល័យអន្តរជាតិ Christian។ រហូតដល់ខែធ្នូ ឆ្នាំ២០១៣ Komuro បានអញ្ជើញ Mako ឱ្យញ៉ាំអាហារពេលល្ងាចជាមួយ ដែលពេលនោះហើយលោកបានសារភាពក្តីស្រលាញ់ប្រាប់នាង។
Mako ធ្លាប់បានបញ្ជាក់ឱ្យដឹងថា នៅពេលបានឃើញ Komuro ភ្លាមនាងចាប់អារម្មណ៍ភ្លែតដោយសារមន្តស្នេហ៍នៃស្នាមញញឹមដ៏ស្រស់របស់ Komuro បានទាក់យកបេះដូងនាងឱ្យបាក់ចិត្តស្រលាញ់លោកមួយរំពេច។ អ្នកទាំងពីរ នៅតែបន្តទាក់ទងគ្នាស្ងាត់ៗបើទោះជាកាលពីឆ្នាំ២០១៦ Mako ត្រូវបន្តការសិក្សាថ្នាក់អនុបណ្ឌិតក៏ដោយ ក៏ស្នេហាឆ្លងប្រទេសមួយនេះនៅតែមិនប្រែប្រួលឡើយ៕