សៀមរាប៖ ដើម្បីអបអរសាទរព្រឹត្តិការណ៍ «រំឮកគុណអង្គរ» ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៌អរូបិយនៃមនុស្សជាតិផងនោះ ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំ វត្តរាជបូណ៌ក្រុងសៀមរាប នឹងធ្វើការសម្តែងល្ខោនស្រមោលស្បែកធំ ជូនសាធារណៈបានទស្សនាដោយសេរី នៅបរិវេណព្រះលានជល់ដំរី។
កម្មវិធីសម្តែងល្ខោនស្រមោលស្បែកធំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១តទៅ វេលាម៉ោង១៨:០០ល្ងាច រហូតដល់ម៉ោង២២:០០យប់។ កម្មវិធីនៅថ្ងៃទី០១ សម្តែងវគ្គព្រះរាមកថ្នល់ ថ្ងៃទី០២ សម្តែងល្ខោនស្បែកតូច រឿងមន្តស្នេហ៍លិនថោង និងថ្ងៃទី០៣ សម្តែងល្ខោនស្បែកធំ វគ្គ សរនាគកបាស។
សូមបញ្ជាក់ថា ក្រៅពីការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ ក៏មានកម្មវិធី ពិព័រណ៍បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗ ដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវិធីសម្តែងសិល្បៈ ល្ខោនបាសាក់ ដែលសុទ្ធតែមានសារសំខាន់៕
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ