ឡាវ៖ ប្រទេសឡាវ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសមួយនេះ នឹងបើកដំណើរការជាផ្លូវការឡើងវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី។
សេចក្តីជូនដំណឹងនេះ ត្រូវបានចេញផ្សាយកាលពីយប់ថ្ងៃពុធ ទី១៥ ខែធ្នូ ដែលចុះហត្ថលេខាដោយប្រធានទីស្តីការគណៈរដ្ឋមន្ត្រីឡាវ។ រដ្ឋាភិបាលឡាវ បានអនុម័តផែនការតំបន់បៃតងទេសចរណ៍ឡាវ ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ ទៅទស្សនាខេត្ត និងទីក្រុងដែលត្រូវបានចាត់តាំងជា “តំបន់បៃតង” នៅពេលដែលប្រទេសបើកដំណើរការឡើងវិញ។
រដ្ឋាភិបាលឡាវ បានកំណត់ភារកិច្ចសំខាន់ៗចំនួន៧ និងកិច្ចការ ៣៤ ផ្សេងទៀតដែលខ្លួនត្រូវបំពេញមុនពេលការបើកដំណើរការឡើងវិញ។
សេចក្តីប្រកាសផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែធ្នូ ដោយបញ្ជាក់ពីផែនការបើកដំណើរការជាផ្លូវការ ហើយបានកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ជាកាលបរិច្ឆេទដែលប្រទេសឡាវ នឹងបើកដំណើរការទេសចរណ៍ឡើងវិញ។
ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីកិច្ចប្រជុំដ៏យូរ ដែលបានធ្វើឡើងរវាងភាគីពាក់ព័ន្ធទេសចរណ៍ និងក្រុមការងារមួយ ដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីជួយដល់ការបើកប្រទេសឡាវឡើងវិញ៕