ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ កំពុងធ្វើសកម្មភាពតម្លើងម៉ូទ័របូមទឹកខ្នាតធំ ដែលមានអង្កត់ផ្ចិតទំហំ ១.៥ម៉ែត្រចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រចំនួន ២គ្រឿង នៅស្ថានីយ៍បូមទឹកបឹងទំពុន។ ម៉ូទ័របូមទឹកទាំង ៣គ្រឿងនេះ មានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូប ក្នុង១ម៉ោង ឬស្មើនឹង ១២ម៉ែត្រគូបក្នុង ១វិនាទី ដែលជាគម្រោងសាងសង់បន្ថែមសមត្ថភាពបូមទឹកលើស្ថានីយ៍បច្ចុប្បន្ន ធ្វើឱ្យសមត្ថភាពបូមទឹកថ្មីកើនរហូតដល់ ៣៣ម៉ែត្រគូបក្នុង ១វិនាទី។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថ្ងៃទី១៥ ខែធ្នូ ២០២១ ថា ការតម្លើងម៉ូទ័របូមទឹកខ្នាតធំទាំង៣គ្រឿងនេះ បានអនុវត្តតាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ពោលគឺ ទាំងម៉ូទ័រ ទាំងទូរបញ្ជា រួមទាំងការតភ្ជាប់បំពង់បង្ហូរទឹកក្រោមផ្លូវ៣៧១ បានស្ថាបនារួចរាល់ហើយ។ គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបានប្រមាណ ៧០ភាគរយ។ គម្រោងនេះនឹងបញ្ចប់១០០ភាគរយ នៅក្នុងខែមីនា ឆ្នាំ២០២២។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ជុំវិញការដាក់ម៉ូទ័តបូមទឹកទាំង៣គ្រឿងនេះ ជាការជំរុញដោយ លោក ឃួង សេង អភិបាលរាជធានីភ្នំពេញ ហើយក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿននៃការស្ថាបនាការដំឡើងម៉ូទ័របូមទឹកខ្នាតធំនេះឱ្យបានរួចរាល់នៅមុនរដូវវស្សាមកដល់ ដើម្បីអាចបូមទឹករំដោះការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សា ក្នុងឆ្នាំ២០២២។
សូមបញ្ជក់ថា ស្ថានីយ៍ម៉ូទ័របូមទឹកខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញនេះ ជាការធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវលេខ២០០៤) ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាដើម៕