ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះទៅលើក្រុមញញួរយក្ស West Ham United ដោយលទ្ធផល ២-០ នៅក្នុងការប្រកួតក្របខណ្ឌ Premier League ដែលធ្វើឡើងនាទីលាន Emirates កាលពីយប់មិញ។
ការប្រកួតក្នុងវគ្គទី១មិនមានការស៊ុតបញ្ចូលទីនោះទេពោលគឺ ០-០។ លុះការប្រកួតឈានដល់វគ្គទី២នាទី៤៨ ទើបខ្សែប្រយុទ្ធ Gabriel Martinelli បានស៊ុតបញ្ចូលទីបើកការនាំមុខមកឱ្យក្រុមម្ចាស់ផ្ទះ Arsenal ។ រីឯក្រុម West Ham វិញ មិនមានឱកាសច្រើនក្នុងការអូសបាល់ទៅមុខសំណាញ់ទីរបស់គូប្រជែងហើយ ពួកគេនៅត្រូវសល់គ្នាតែ១០នាក់ ពេលកីឡាករ Vladimir Coufal ត្រូវពិន័យកាតក្រហមនៅនាទី៦៧ ដោយសារការបង្កកំហុសទៅលើ Alexandre Lacazette ហើយក្រុម Arsenal ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រថែមទៀត។
Alexandre Lacazette ក៏ជាអ្នកទទួលភារកិច្ចស៊ុតបាល់ពិន័យនេះ តែរូបគេធ្វើមិនសម្រេចទេព្រោះ អ្នកចាំទី Lukasz Fabianski សង្គ្រោះបាន។ យ៉ាងណាក៏ដោយ នៅនាទី៨៧ ខ្សែបម្រើ Emile Smith Rowe បានស៊ុតបញ្ចូលទីបាន១គ្រាប់ទៀត ធានាបានជ័យជម្នះមកឱ្យក្រុមរបស់លោក Mikel Arteta ។
Arsenal ធ្វើពុំសូវបានល្អទេ កាលទើបចាប់ផ្តើមរដូវកាលនេះ ដោយប៉ុន្មានប្រកួតដំបូង ពួកគេស្ទើរតែនៅតំបន់បាតតារាង។ យ៉ាងណាក្តី មួយរយៈចុងក្រោយនេះ អ្នកចាត់ការ Mikel Arteta បានកែប្រែទម្រង់លេងបានយ៉ាងល្អ និងទទួលបានជ័យជម្នះជាបន្តបន្ទាប់។
សម្រាប់ជ័យជម្នះនេះដែរ Arsenal បានឡើងមកកាន់ចំណាត់ថ្នាក់លេខ៤ មាន២៩ពិន្ទុ រុញក្រុម West Ham United ធ្លាក់ទៅលេខ៥វិញ ដោយមាន២៨ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕